កីឡាករលេងល្អ ១០រូប ក្រោយផ្លាស់ប្តូរក្លឹបរដូវកាលនេះ ខណៈដែលលេខ១ មិនមែនជា Bruno Fernandes

  • ពុធ ០១ មេសា, ២០២០ ១៤:៣៣
ថ្ងៃនេះ khmerload សូមបង្ហាញមុខកីឡាករដែលបានបង្ហាញទម្រង់លេងល្អចំនួន ១០រូប ដែលបានផ្ទេរទៅកាន់ក្លឹបថ្មីរបស់ខ្លួនក្នុងរដូវកាល ២០១៩-២០២០ នេះ រួមមាន៖១០-ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ កីឡាករ Rodri៖ខ្សែបម្រើរូបនេះ បានផ្ទេរពីក្លឹប Atletico Madrid ទៅក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃ ៦៣លានផោន ដែលជាតម្លៃទិញផ្តាច់កុងត្រារបស់រូបគេ។ ក្រោយខ្សែបម្រើការពារ Fernandinho ត្រូវបានទម្លាក់ទៅលេងតួនាទីជាខ្សែការពារ កីឡាករ Rodri បានក្លាយជាតួអង្គសំខាន់ក្នុងតួនាទីខ្សែបម្រើរបស់ក្លឹប ក្នុងរយៈពេលមិនដល់មួយរដូវកាលផងនោះ។
កីឡាករ Rodri
៩-ខ្សែបម្រើសញ្ជាតិបារាំង កីឡាករ Christopher Nkunku៖Nkunku បានចាកចេញពីក្លឹប PSG ទៅចូលរួមជាមួយក្លឹប RB Leipzig របស់អាល្លឺម៉ង់ និងបានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករឆ្នើមមួយរូបក្នុងរយៈពេលដ៏ខ្លីនៅទឹកដីអាល្លឺម៉ង់ ដោយរូបគេបានរួមចំណែកគ្រាប់បាល់ចំនួន ១៩គ្រាប់ (ទាត់បញ្ជូលទី៤គ្រាប់ និងបញ្ចូនបាល់បាន ១៥គ្រាប់) ក្នុង ៣៣ប្រកួតឱ្យក្លឹបថ្មីនេះក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ។ កីឡាករវ័យ ២២ឆ្នាំ​ បានផ្ទេរមក RB Leipzig ក្នុងតម្លៃត្រឹម ១៥លានផោនប៉ុណ្ណោះ និងលេងបានល្អមែនទែន ដោយចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Timo Werner។
កីឡាករ Christopher Nkunku
 ៨- ខ្សែបម្រើប្រយុទ្ធជម្រើសជាតិស៊ុយអែត កីឡាករ Dejan Kulusevski៖Kulusevski បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែបម្រើប្រយុទ្ធជំនាន់ក្រោយបានយ៉ាងឆាប់រហ័សក្រោយចូលរួមជាមួយក្លឹប Parma ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Atalanta (ក្រោយមកត្រូវបានក្លឹប Juventus ទិញយករូបគេពីក្លឹប Atalanta តែបន្តឱ្យលេងខ្ចីជើងនៅក្លឹប Parma បន្តទៀត)។ ត្រឹមវ័យ ១៩ឆ្នាំ រូបគេបានបង្កព្យុះភ្លៀងនៅ Serie A ដោយអាចរកបាន ៥ គ្រាប់ និងបញ្ចូនបាល់បាន ៧គ្រាប់ផងដែរ។
កីឡាករ Dejan Kulusevski
៧-ខ្សែប្រយុទ្ធជម្រើសជាតិន័រវែស កីឡាករ Alexander Sorloth៖ក្រោយបរាជ័យមិនអាចធ្វើព្យុះធ្វើភ្លៀងនៅ Crystal Palace ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសរូបនេះ បានចាកចេញទៅចូលរួមជាមួយ Trabzonspor របស់តួកគី ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ ធ្វើបានយ៉ាងល្អនៅក្របខណ្ឌ Turkish Super Lig ដោយអាចរកបាន ២៥គ្រាប់ និងបញ្ចូនបាល់បាន ៧គ្រាប់ ក្នុង ៣៩ប្រកួតរបស់គេជាមួយក្លឹប Trabzonspor។
កីឡាករ Alexander Sorloth
៦-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក កីឡាករ Thorgan Hazard៖ប្អូនប្រុសរបស់កីឡាករ Eden Hazard រូបនេះ ហាក់បានដើរចេញពីស្រមោលរបស់បងប្រុសគេ ក្រោយចូលរួមជាក្លឹប Dortmund ក្នុងតម្លៃ ៤០លានផោន ពីក្លឹប Gladbach។ គាត់បានបង្កើតជាស្លាបចាក់របស់ក្លឹប Dortmund ម្ខាងម្នាក់ជាមួយកីឡាករ Jadon Sancho ​ដែលក្នុងនោះ Thorgan អាចរកបាន ៥គ្រាប់ និងបញ្ចូនបាល់បាន ១១គ្រាប់ផងដែរ។
កីឡាករ Thorgan Hazard
៥-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង កីឡាករ Wissam Ben Yedder៖Ben Yedder កំពុងតែប្រជែងស្បែកជើងមាសជាមួយកីឡាករឆ្នើមរបស់ក្លឹប PSG កីឡាករ Kylian Mbappe ដោយមាន ១៨ គ្រាប់ស្មើគ្នា ខណៈរូបគេកំពុងរីករាយជាមួយក្លឹបថ្មីរបស់ខ្លួន គឺក្លឹប Monaco។ រូបគេបានសម្រេចចិត្តចាកចេញពីក្លឹប Sevilla របស់អេស្ប៉ាញ មកកាន់ Ligue 1 របស់បារាំង ក្នុងតម្លៃ ៤០លានផោនកាលពីដើមរដូវកាលនេះ ទោះបីជាក្លឹប Barcelona និងក្លឹប Manchester United ចង់បានរូបគេក៏ដោយ។
កីឡាករ Wissam Ben Yedder
៤-ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Bruno Fernandes៖Bruno Fernandes បានក្លាយជាកីឡាករសំខាន់មួយរូបរបស់ Manchester United យ៉ាងឆាប់បំផុត ក្រោយចូលរួមជាមួយក្លឹបបិសាចក្រហមកាលពីខែមករាប៉ុណ្ណោះ។ អតីតប្រធានក្រុមក្លឹប Sporting Lisbon រូបនេះ យល់ព្រមមកកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៦៨លានផោន និងបានធ្វើឱ្យទម្រង់លេងរបស់ក្លឹបទាំងមូលប្រសើរឡើង។ រូបគេបានចូលលេងដំបូងឱ្យក្លឹប កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយបានជួយក្លឹបមិនឱ្យចាញ់ ៩ប្រកួតជាប់គ្នា ក្នុងនោះឈ្នះ ៦ប្រកួត។ ចំណុចពិសេសនោះ គឺរូបគេបានឈ្នះពានកីឡាករល្អប្រចាំខែកុម្ភៈ នៅ Premier League និងបានរួមចំណែក ៧គ្រាប់ ក្នុង៩ប្រកួតឱ្យក្លឹបផងដែរ។
កីឡាករ Bruno Fernandes
៣-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន កីឡាករ Mauro Icardi៖ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Inter Milan ប៉ុន្តែកីឡាករ Mauro Icardi បានរួមចំណែក ២០គ្រាប់ក្នុង ៣១ប្រកួតឱ្យក្លឹប PSG និងបានរុញខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប កីឡាករ Edinson Cavani ចេញពីជម្រើស១១នាក់ដំបូងទៀតផង។ នៅទីនេះ កីឡាករ Mauro Icardi បានចាប់ដៃគូជាមួយកីឡាករឆ្នើមៗរបស់ PSG រួមមាន៖ កីឡាករ Kylian Mbappe កីឡាករ Neymar និងកីឡាករ Angel Di Maria ដោយបានជួយក្លឹបឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៅ Champions League និងនាំមុខ ១២ពិន្ទុនៅតារាង Ligue 1។
កីឡាករ Mauro Icardi
២-ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក កីឡាករ Romelu Lukaku៖Lukaku បានក្លាយជាផ្នែកសំខាន់មួយរបស់លោក Antonio Conte ក្នុងការប្រជែងជើងឯក Serie A ជាមួយក្លឹបជើងឯកចាស់ Juventus។ បន្ទាប់ពីចាកចេញពីក្លឹប Manchester United មកកាន់ក្លឹប Inter Milan ក្នុងតម្លៃ ៧៤លានផោនកាលពីដើមរដូវកាលមក រូបគេបានសាងភាពអស្ចារ្យជាមួយដៃគូប្រយុទ្ធថ្មីរបស់ខ្លួន គឺខ្សែប្រយុទ្ធ Lautaro Martinez ​ដោយនាំក្លឹប Inter Milan ត្រលប់មកប្រជែងជើងឯកវិញ ដោយមានមួយពិន្ទុក្រោមក្លឹបកំពូលតារាង Juventus និងអាចរកបាន ១៧គ្រាប់ក្នុង ២៥ប្រកួត នៅ Serie A។
កីឡាករ Romelu Lukaku
១-ខ្សែប្រយុទ្ធជម្រើសជាតិន័រវែល កីឡាករ Erling Haaland៖ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែបន្តសាងភាពខ្លាំងរបស់ខ្លួន ក្រោយចូលរួមជាមួយក្លឹប Dortmund កាលពីខែមករា ក្នុងតម្លៃត្រឹម ២០លានផោនពីក្លឹប RB Salzburg ទីដែលរូបគេអាចរកបាន ២៨ គ្រាប់ក្នុង ២២ប្រកួតឱ្យក្លឹបអូទ្រីសមួយនេះ។ យ៉ាងណា រូបគេនៅតែអាចរកគ្រាប់បាលបានច្រើនដដែលនៅលីគកម្រិតខ្ពស់ ដោយអាចរកបាន​ ១២គ្រាប់ ក្នុង ១១ប្រកួតឱ្យក្លឹប Dortmund និងបានសាងកំណត់ត្រាមួយ គឺជាកីឡាករនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ទី១ ដែលអាចរកបាន ៨គ្រាប់ ក្នុងបង្ហាញខ្លួន ៤ប្រកួតដំបូងផងដែរ៕
កីឡាករ Erling Haaland