ចុមយក្ស! គ្រាន់តែឮចង់ចាកចេញ Spurs ដាក់តម្លៃខ្លួន Kane ថ្លៃកប់ក្ដោងរហូតដល់…

  • ពុធ ០១ មេសា, ២០២០ ១៤:៣២
អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃខ្សែប្រយុទ្ធ Harry Kane ថ្លៃកប់ពពករហូតដល់ទៅ ២០០លានផោន (ឬប្រមាណ ២៤៧លានដុល្លារ)។កីឡាករវ័យ២៦ឆ្នាំ រកបាន១៨១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៧៨ប្រកួតឲ្យ Spurs គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ យ៉ាងណាមិញ កាលពីពេលថ្មីៗ គេបានបង្ហើបពីការចែកផ្លូវគ្នា ជាមួយក្លិបដែលមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ដោយលើកឡើងថា គេនឹងចាកចេញប្រសិនបើក្រុមមិនមានការរីកចម្រើន
ខ្សែប្រយុទ្ធHarry Kane
ជាការពិតណាស់ តាំងពីឆ្នាំ២០០៨មក ក្លិបមាន់ខ្នាយមាសមិនដែលលើកពានរង្វាន់ណាមួយបាន១ដងនៅឡើយទេ ហើយសម្រាប់រដូវកាលនេះ មិនថាការប្រកួតពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក Spurs សុទ្ធតែបានធ្លាក់ចេញទៅហើយ នៅឡើយតែកាប្រកួតដណ្ដើមពានរង្វាន់ Premier League ប៉ុណ្ណោះ។ ប៉ុន្តែ ​Spurs មានភាគរយតិចណាស់ ដែលអាចនឹងឈ្នះ បើមើលទៅលើគម្លាតពិន្ទុរវាងពួកគេ និងក្រុមកំពូលតារាង Liverpool។ដោយឡែកបើយោងតាមការចុះផ្សាយរបស់កាសែត The Evening Standard ប្រធានក្លិប Tottenham លោក Daniel Levy បានដាក់តម្លៃខ្លួនជម្រើសជាតិអង់គ្លេសរូបនេះ ២០០លានផោន ដើម្បីបញ្ចៀសចំណាប់អារម្មណ៍ក្លិបផ្សេងៗ ដែលចង់បានរូបគេ។
ខ្សែប្រយុទ្ធ Harry Kane
ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបបិសាចក្រហម Manchester United ជាក្លិបដែលចាប់ចិត្តទៅលើ​ Kane ប៉ុន្តែសម្រាប់តម្លៃខ្លួនថ្លៃបែបនេះ ពួកគេទំនងជាបង្វែរទិសដៅទៅរកខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho ឬ Erling Braut Haaland វិញ។គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Kane នៅកីឡដ្ឋាន Tottenham Hotspur Stadium នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៤ឯណោះ៕