ខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់នេះ ជាគោលដៅរបស់ Liverpool នាំចូលមកជំនួស Salah និង Mane

  • ពុធ ០១ មេសា, ២០២០ ១៦:៥៥
អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា ចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Wolverhampton Wanderers កីឡាករ Adama Traore។
កីឡាករ Adama Traore
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០ដង ពីការបង្ហាញខ្លួន៤៣ប្រកួតឲ្យ Wolves ក្នុងរដូវកាលនេះ។ ក្រុមរបស់លោក Nuno Espiritio Sano អាចនឹងពិបាកក្នុងការរក្សាខ្សែប្រយុទ្ធរូបនេះនៅទីផ្សាររដូវក្ដៅ ខណៈបើតាម Football Insider ក្រុមកំពូលតារាង Liverpool កំពុងតាមប្រមាញ់ Traore។ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបជើងឯក Champions League រដូវកាលមុនចង់បាន Traore ទៅជំនួសកន្លែងរបស់ Sadio Mane ឬ Mohamad Salah ដោយកីឡាករឆ្នើមទាំង២នេះកំពុងតែមានព័ត៌មានអំពីការចាកចេញពីកីឡដ្ឋាន Anfield នៅទីផ្សាររដូវក្ដៅខាងមុខ។
កីឡាករSadio Mane និង Mohamad Salah
Real Madrid ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានមកលើ Mane។ ចំណែកឯ Salah គឺជាគោលដៅនាំចូលរបស់បណ្ដាក្លិបធំៗជាច្រើនក្នុងតំបន់អឺរ៉ុប សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលរៀបនឹងចូលមកដល់។គួរឲ្យដឹងដែរថា កិច្ចសន្យារវាងកីឡាករ Adama Traore និងក្លិប Wolverhampton នឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំ២០២៣ ខណៈ មាន់ខ្នាយមាស Tottenham Hotspur ក៏ជាបេក្ខភាពមួយចង់បានរូបគេផងដែរ៕
កីឡាករ Adama Traore