ករណីឆ្លងវីរុសកូវីដ-១៩ នៅអេស្ប៉ាញកើនលើស ១ សែននាក់ ខណៈអ្នកស្លាប់ច្រើនជាង ៩ ពាន់នាក់

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១០:០៤
ម៉ាដ្រីឌ៖ បច្ចុប្បន្ន អេស្ប៉ាញគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប ដែលរងគ្រោះខ្លាំងដោយសារវីរុសប្រភេទថ្មីកូវីដ-១៩ ពោល គឺប្រទេសនេះ កំពុងឈរនៅលំដាប់ទីពីរបន្ទាប់ពីប្រទេសអុីតាលី និងលំដាប់ទីបី បើធៀបនឹងប្រទេសទាំងអស់ជុំវិញពិភពលោក។
អ្នកជំងឺអេស្ប៉ាញ
តួយ៉ាង បើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមវេលាព្រឹកថ្ងៃទី ខែ មេសា ឆ្នាំ ២០២០ នេះ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុបចំនួន ១០៤,១១៨ នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៩,៣៨៧ នាក់បានស្លាប់បាត់បង់ជីវិត។ ក្រៅពីចំនួនមនុស្សស្លាប់ និងករណីឆ្លង ប្រទេសនេះក៏បានព្យាបាលអ្នកជំងឺចំនួន ២២,៦៤៧ នាក់ឲ្យជាសះស្បើយផងដែរ ខណៈអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរចំនួន ៥,៨៧២ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
ទិដ្ឋភាពទីក្រុងម៉ាដ្រីឌ
សូមជម្រាបថា ករណីសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនលើស ៩០ ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់កើនលើស ៤៧០០០ នាក់ ដោយក្នុងនោះ អ្នកជំងឺដែលជាសះស្បើយមានជាង ១៩ ម៉ឺននាក់។ ហើយបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានអ្នកឆ្លងវីរុសសរុបជាង ២១ ម៉ឺននាក់៕