បុរសម្នាក់ទើបរកឃើញថាមិនមានកំហុស ក្រោយជាប់ពន្ធនាគារអស់រយៈពេល ១៥ ឆ្នាំ

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៥:០៨
ចិន៖ បុរសជាជនជាតិចិនម្នាក់ ឈ្មោះ Wu Chuhong រស់នៅខេត្ដ Henan ទើបត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីរកឃើញថាពុំមានកំហុស ក្រោយជាប់ពន្ធនាគារអស់រយៈពេល ១៥ ឆ្នាំពីបទបំពុលក្មេងប្រុស នាក់នៅទីក្រុង Shangqiu កាលពីខែ វិច្ឆិកា ឆ្នាំ ២០០៤ កន្លងទៅ។
លោក Wu កាលមុនជាប់ពន្ធនាគារ
រម្លឹកកាលពី ១៦ ឆ្នាំមុនជាពេលដែលលោក Wu ត្រូវបានគេចោទប្រកាន់ បន្ទាប់ពីម្សៅដែលលោកប្រើសម្រាប់ធ្វើអាហារឲ្យក្មេងប្រុសទាំងពីរនោះ ត្រូវគេសន្និដ្ឋានថាមានផ្ទុក Tetramine ដែលជាថ្នាំបំពុលសត្វកណ្ដុរប្រភេទខ្លាំង ទើបបណ្ដាលឲ្យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិត។ ក្រោយមកលោក Wu ត្រូវបានគេដាក់ការសង្ស័យ ពីព្រោះលោកធ្លាប់មានជម្លោះមួយចំនួនជាមួយនឹងគ្រួសារក្មេងរងគ្រោះ។រហូតដល់ខែ មិថុនា ឆ្នាំ ២០០៥ លោក Wu ដែលជាជនជាប់ចោទត្រូវបានតុលាការកម្រិតកណ្ដាលប្រចាំទីក្រុង Shangqiu កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមនុស្សឃាតដោយចេតនា។ យ៉ាងណាមិញ តុលាការជាន់ខ្ពស់ប្រចាំខេត្ដ Henan ក៏បានចេញដីកាកោះហៅតុលាការថ្នាក់ក្រោម ឲ្យបញ្ជាក់សាលក្រមចំនួនពីរលើកផងដែរ ហើយរហូតដល់ឆ្នាំ ២០០៨ តុលាការជាន់ខ្ពស់ក៏បានអនុម័តសេចក្ដីសម្រេចនេះ។
លោក Wu បច្ចុប្បន្ន
ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់ជនជាប់ចោទខាងលើ មិនដែលឈប់តវ៉ាពីភាពគ្មានទោសពៃរ៍របស់លោក Wu ឡើយ រហូតធ្វើឲ្យតុលាការកំពូលនៃប្រទេសចិន បញ្ជាឲ្យតុលាការជាន់ខ្ពស់ខេត្ដ Henan ធ្វើរឿងក្ដីនេះម្ដងទៀត។ នៅទីបំផុត តុលាការបានកាត់ក្ដីលោក Wu ឲ្យរួចផុតពីការជាប់ទោសកាលពីថ្ងៃពុធថ្មីៗនេះ ព្រោះមិនមានភស្ដុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីកំហុស។ ហើយជុំវិញករណីនេះ លោក Wu ក៏នឹងមានសិទ្ធទទួលបានសំណងពីរដ្ឋផងដែរ៕