មាន Firmino មែនពិត តែ Klopp ឆ្លៀតចាប់ចិត្តចង់បានខ្សែប្រយុទ្ធកំពុងឡើងកូដនៅ Bundesliga ម្នាក់នេះទៀត

  • សុក្រ ០៣ មេសា, ២០២០ ១៥:១៨
អាល្លឺម៉ង់៖ យោងតាមរបាយការណ៍ ក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានមានចំំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Milot Rashica របស់ក្លិប Werder Bremen នៅរដូវក្ដៅខាងមុខ។
ខ្សែប្រយុទ្ធMilot Rashica
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្លិបជើងឯក Champions League រដូកាលមុន ត្រូវបានគេរាយការណ៍មកថា មានជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរយកកីឡាករ៣ទៅ៤រូបនៅក្របខណ្ឌ​ Bundesliga ក្នុងនោះរួមមានខ្សែប្រយុទ្ធ Timo Werner, Jadon Sancho, និង Kai Havertz។ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Bild ខ្សែប្រយុទ្ធ Rashica ជាកីឡាករនៅក្របខណ្ឌ​ Bundesliga មួយរូបទៀតហើយ ដែលគ្រូបង្គោលក្រុម Liverpool កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មុនពេលទីផ្សារដោះដូររដូវក្ដៅបើកទ្វារ។
ខ្សែប្រយុទ្ធMilot Rashica
ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបហង្សក្រហម ត្រូវចំណាយខ្ទង់ ៣៣លានផោន (ឬប្រមាណ៤០លានដុល្លារ) ប្រសិនបើចង់នាំយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ទៅកាន់កីឡដ្ឋាន Anfield ។គួរបញ្ជាក់ផងដែរថា បើទោះជារដូវកាលនេះ Rashica មិនអាចជួយក្រុម Bremen ឈរនៅចំណាត់ថ្នាក់ល្អប្រសើរមួយក្នុងក្របខណ្ឌ Bundesliga ក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ជម្រើសជាតិកូសូវ៉ូរូបនេះ ត្រូបានគេសង្កេតឃើញថាល្អ ពោលក្នុងចំណោមការបង្ហាញខ្លួន២៤ប្រកួត គេរកបានបាន១០គ្រាប់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រចទីបាន៥ដងទៀតផង៕
ក្លិប Werder Bremen ឈរលេខ១៧ ក្នុងក្របខណ្ឌ Bundesliga