Juventus ខំដាក់ Pjanic ក្នុងកិច្ចព្រមព្រៀងដើម្បីប្ដូរយក កីឡាករឆ្នើមម្នាក់នេះពី PSG តែត្រូវបានក្លិបយក្សបារាំងបដិសេធ

  • សុក្រ ០៣ មេសា, ២០២០ ១៥:៥៩
អ៊ីតាលី៖ យោងតាមរបាយការណ៍របស់កាសែត Tuttosport បានឲ្យដឹងថាក្លិបសេះបង្កង់ Juventus បានព្យាយាមដាក់ខ្សែបម្រើ Miralem Pjanic ក្នុងកិច្ចព្រមព្រៀងជាថ្នូរដោះដូរយកកីឡាករ Marco Verratti ពីក្លិប Paris Saint-Germain ប៉ុន្តែត្រូវបានក្លិបយក្សបារាំងបដិសេធ។
កីឡាករMarco Verratti
ប្រភពខាងលើបានបន្តទៀតថា បើទោះជាសំណើលើកនេះមិនសម្រច ប៉ុន្តែក្រុមជើងឯក Serie A ក៏មិនបានបញ្ឈប់ត្រឹមនេះនោះទេ ដោយពួកគេនឹងនៅតែព្យាយាមចរចាយកខ្សែបម្រើសញ្ជាតិអ៊ីតាលីចេញពីកីឡដ្ឋាន Parc de Prince។ជម្រើសជាតិបូសនី Pjanic ហាក់សម្របខ្លួនមិនត្រូវនឹងប្រព័ន្ធលេងរបស់លោក Maurizio Sarri រៀបចំ ហេតុនេះហើយទើប​ Juventus ចង់បាន Verratti មកជំនួសវិញ។យ៉ាងណាមិញ បើទោះជា PSG មានចំណាប់អារម្មណ៍ទៅលើ Pjanic ក៏ដោយ ប៉ុន្តែពួកគេក៏មិនមានបំណង ក្នុងការបើកផ្លូវឲ្យ Verratti ចាកចេញផងដែរ។
ខ្សែបម្រើ Miralem Pjanic
គួរឲ្យដឹងដែរ Verratti វ័យ២៧ឆ្នាំ មិនដែលធ្លាប់លេងនៅ Serie A នោះទេ ប៉ុន្តែគេធ្លាប់មានបទពិសោធន៍នៅក្របខណ្ឌ Serie B របស់អ៊ីតាលី មុនពេលផ្លាស់មកកាន់ក្លិប PSG កាលពី២០១២ ក្នុងតម្លៃ១២លានអឺរ៉ូ (ឬប្រមាណ ១២,៩លានដុល្លារ)៕