អត់ស្ដាយទេ! ឲ្យតែបាន១០០លាន តា Perez នឹងបញ្ចេញកីឡាករលំដាប់ជួរមុខ២រូបនេះចេញភ្លាម

  • សៅរ៍ ០៤ មេសា, ២០២០ ០៩:០៨
អេស្ប៉ាញ៖ យោងតាមការចុះផ្សាយកាសែត​ Mundo Deportivo ក្លិបអធិរាជស Real Madrid ចង់បាន១០០លានអឺរ៉ូ (ឬប្រមាណ១០៨លានដុល្លារ) ពីការបញ្ចេញខ្សែប្រយុទ្ធ James Rodriguez និង Gareth Bale។ គោលបំណងក្នុងការលក់កីឡាករទាំងពីរ គឺដើម្បីទុកកៅអីទំនេរ សម្រាប់កីឡាករថ្មីៗ ក៏ដូចជាសម្រួលទៅលើផ្នែកហិរញ្ញវត្ថុនៃក្លិប។
Gareth Bale និង James Rodriguez
ប្រភពខាងលើបានបន្ថែមទៀតថា ប្រធានក្លិប Real Madrid លោក Florentino Pérez នឹងព្យាយាមលក់ Bale និង James ឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយសម្រាប់កៅអីរបស់ពួកគេ នឹងបើកចាំទទួលកីឡាករឆ្នើមៗដូចជា Haaland, Mbappé, Pogba, Kane ឬ Van de Beek ដែលកីឡាករទាំង៥នាក់នេះ សុទ្ធតែមានលេចឮព័ត៌មាន ក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu នៅរដូវក្ដៅខាងមុខ។Bale និង James ត្រូវបានគេមើលឃើញថា តម្លៃខ្លួនរបស់ពួកគេ បានធ្លាក់ចុះខ្លាំង ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ដោយសារកត្តា​គួបផ្សំមួយចំនួន ដូចជាបញ្ហាធ្លាក់ទម្រង់លេង និងមិនសូវបានគ្រូបង្វឹកដាក់ឱ្យចូលលេងជាដើម។
លោក Florentino Pérez
យ៉ាងណាមិញ លោក Perez នៅតែសង្ឃឹមយ៉ាងមុតមាំថា នឹងបាន១០០លានអឺរ៉ូពីការលក់ កីឡាករទាំងពីរ ព្រោះបើយោងតាមរបាយការណ៍របស់ Daily Mail ក្លិបស្ករគ្រាប់ Everton បានចាប់ចិត្តទៅលើខ្សែប្រយុទ្ធសញ្ជាតិវ៉េល និង កូឡុំប៊ី ដោយអ្នកចាត់ការទូទៅវ័យ៦០ឆ្នាំ លោក Carlo Ancelotti ចង់បានពួកគេ ក្នុងគម្រោងរបស់លោក នៅរដូវកាលបន្ទាប់៕