គួរឲ្យបារម្ភ! ប្រេស៊ីលមានអ្នកឆ្លងជម្ងឺកូវីដ-១៩ កើនឡើង​ជាង ៩ពាន់នាក់ និងស្លាប់ ៣៥៩ នាក់

  • សៅរ៍ ០៤ មេសា, ២០២០ ១០:៤៧
ប្រេស៊ីល៖ កាលពីថ្ងៃទី ៣​ ខែមេសា ករណីឆ្លងនៃជម្ងឺកូវីដ-១៩ នៅប្រទេសប្រេស៊ីលបានកើនឡើង ពី ៧,៩១០ ដល់ ៩,០៥៦ នាក់ និងមានចំនួនអ្នកស្លាប់កើនឡើងពី ២៩៩ ដល់ ៣៥៩ នាក់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Luiz Henrique Mandetta នៅថ្ងៃសុក្រនេះបាននិយាយថា ប្រព័ន្ធសុខាភិបាល​ប្រេស៊ីលកំពុងទទួលរងនូវកង្វះខាតឧបករណ៍ ហើយសប្តាហ៍ខាងមុខនេះ នឹងមានភាពតានតឹង។ លោកបានមានប្រសាសន៍ថា៖ “ យើងចង់ការពារមជ្ឈមណ្ឌលធំៗដូចជាៈ Sao Paulo, Rio de Janeiro, Belo Horizonte ពីការក្លាយជាចំណុចស្នូលនៃការរីករាលដាលនៃជម្ងឺនេះ។ ដូច្នេះការបូកសរុបសកម្មភាព​ដើម្បីកាត់​បន្ថយ​ភាពចល័តក្នុងសង្គម គឺមានសារៈសំខាន់ណាស់” ។ លោក Joao Gabbardo dos Reis លេខាធិការប្រតិបត្តិក្រសួងសុខាភិបាលបានបញ្ជាក់ថា មានករណីថ្មីចំនួន ១,១៤៦ នាក់ និងអ្នកស្លាប់ ៦០ នាក់ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បើប្រៀបធៀបនឹង ១,០៧៤ ករណី និងអ្នកស្លាប់ចំនួន ៥៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងមុនដោយអត្រាស្លាប់ប្រហែលជា ៤ ភាគរយ។ ករណីឆ្លង និង​ ស្លាប់ដែលបានបញ្ជាក់គឺភាគច្រើនមកពី Sao Paulo, Rio de Janeiro, Ceara, the Federal District, Minas Gerais, Rio Grande do Sul, Parana, Bahia, Santa Catarina, Amazonas, Rio Grande do Norte, Espirito Santo, និង Pernambuco ៕