ថៃចាប់ផ្តើម អនុវត្តច្បាប់បម្រាមចេញក្រៅផ្ទះ លើ​ប្រជាជន​របស់​​​ខ្លួន​

  • សៅរ៍ ០៤ មេសា, ២០២០ ១៥:០០
ប៉ូលីស និងទាហានជាច្រើន ដែលពាក់ម៉ាស់ការពារ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរាប់រយកន្លែងនៅទូទាំងប្រទេស កាលពីយប់ថ្ងៃសុក្រ ដើម្បីអនុវត្តបំរាមគោចរ (ដើរហើរ) នៅទូទាំងប្រទេស ​ដែលហាមប្រាម​ប្រជាជន​ភាគច្រើន​មិនឲ្យចេញក្រៅ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។នៅទូទាំងរដ្ឋធានីបាងកក ដែលមានសភាពអ៊ូអរ ប្រជាជនបាននាំគ្នាប្រញាប់ត្រឡប់ទៅផ្ទះវិញមុនពេលបម្រាមគោចរ ចូលជាធរមាននៅថ្ងៃសុក្រវេលាម៉ោង ១០ យប់ និងដំណើរការរហូតដល់ម៉ោង ៤ ព្រឹកថ្ងៃបន្ទាប់។​ Wiranyupha Rotthongsen អាយុ ២៩ ឆ្នាំដែលកំពុងរង់ចាំឡានក្រុងត្រឡប់មកផ្ទះបាននិយាយថា៖ “ ខ្ញុំគិតថាបំរាម​គោចរ​ល្អ​ពីព្រោះវានឹងកំណត់ពេលវេលា និងចំនួនមនុស្សដែលធ្វើដំណើរជារៀងរាល់ថ្ងៃ។បម្រាមគោចរលើកលែងចំពោះអ្នក ដែលដឹកសម្ភារៈពេទ្យ និងបុគ្គលិកសុខាភិបាលដែលធ្វើដំណើរទៅ និងមកធ្វើការ។​ ក្រុមអាជ្ញាធរបានអោយដឹងមានក្រុម ប៉ូលីស​ យោធា និង កងសន្តិសុខផ្សេងទៀតនឹងបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤២១ កន្លែងនៅទូទាំងប្រទេសដើម្បីអនុវត្តនបំរាមគោចរ។គួរបញ្ជាក់ថា ប្រទេសថៃគឺជាប្រទេសដំបូងនៅខាងក្រៅប្រទេសចិន ដែលបានរាយការណ៍ អំពីករណីវីរុសថ្មីដែល បានកើតឡើងនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន កាលពីចុងឆ្នាំមុន​ ដែលឆ្លងដល់មនុស្សជាង ១ លាននាក់ នៅទូទាំងពិភពលោក ហើយបានសម្លាប់មនុស្សយ៉ាងតិច ៥ ម៉ឺននាក់។ ចាប់តាំងពីខែមីនា ចំនួនករណីដែល បាន​បញ្ជាក់​នៅក្នុងប្រទេសថៃបានកើនឡើងដល់ជិត ២០០០ ករណីដែលជំរុញឱ្យមានវិធានការ នៅឲ្យឆ្ងាយពី​សង្គម​កាន់តែ​តឹងរឹង​ជាងមុន។សូមបញ្ជាក់ថា​ គិតត្រឹមថ្ងៃសុក្រ ចំនួនករណីផ្លូវការនៅក្នុងប្រទេសថៃមានចំនួន ១,៩៧៨ នាក់និងអ្នកស្លាប់ចំនួន ១៩ នាក់៕