ស្ងាត់ៗមានក្លិប១នៅ PL លួចទាក់ទងមក Sanchez ខណៈ Man UTD គ្រោងបញ្ចេញម្ចាស់អាវលេខ៧រូបនេះ នៅរដូវក្ដៅខាងមុខ

  • ច័ន្ទ ០៦ មេសា, ២០២០ ១៥:៤០
អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham United​ បានទាក់ទងទៅកាន់តំណាងរបស់កីឡាករ Alexis Sanchez ជុំវិញការចរចាផ្ទេរយក ខ្សែប្រយុទ្ធសញ្ជាតិឈីលី នៅរដូវក្ដៅខាងមុខ។
កីឡាករAlexis Sanchez
Sanchez បច្ចុប្បន្នកំពុងលេងឲ្យក្រុម Inter Milan ក្នុងកិច្ចសន្យាខ្ចីជើង ពីក្រុមបិសាចក្រហម Manchester United ប៉ុន្តែគេហាក់មិនសូវជោគជ័យនៅអ៊ីតាលីនោះទេ ដោយសារតែគេបានជួបបញ្ហារបួសញាំញី។ ជាក់ស្ដែង ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ទើបបង្ហាញខ្លួនឲ្យក្រុមលោក Antonio Conte បាន១៥ប្រកួតប៉ុណ្ណោះ ក្នុងនោះគេរកបាន១គ្រាប់គត់ ហើយ Inter មិនមានគម្រោងរក្សាទុករូបគេ រហូតដល់រដូវកាលបន្ទាប់ឡើយ។យោងតាមការចុះផ្សាយរបស់កាសែត FC Inter News មូលហេតុដែល ក្លិបយក្សអ៊ីតាលីមិនសម្រចចិត្តទិញ Sanchez ផ្ដាច់ពី Man UTD គឺដោយសារតែប្រាក់ពលកម្ម ដ៏មហាសាលរបស់គេប្រមាណ ១៣លានផោន ក្នុង១ឆ្នាំ។
កីឡាករAlexis Sanchez
យ៉ាងណាមិញ ក្លិប Man UTD ក៏មិនមានបំណងរក្សារទុកម្ចាស់អាវលេខ៧រូបនេះដែរ ដោយពួកគេគ្រោងនឹងលក់ Sanchez នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។ទន្ទឹមនឹងនេះ ក្លិប West Ham ត្រូវបានគេរាយការណ៍មកថា បានទាក់ទងទៅភ្នាក់ងាររបស់​ Sanchez លោក Fernardo Felicevich រួចរាល់ហើយ ដើម្បីសួរនាំពីលទ្ធភាពដែលអាចផ្ទេរយក ជម្រើសជាតិឈីលី ក៏ដូចជាការជូនដំណឹងប្រាប់ពីការចាប់អារម្មណ៍របស់ពួកគេទៅលើសាមីកីឡាករ។អតីតខ្សែប្រយុទ្ធក្រុម Arsenal ទទួលបានថ្លៃឈ្នួលនឿយហត់ ៤សែនផោន ក្នុង១សប្ដាហ៍នៅ Man UTD ហើយ West Ham ទំនងជាមិនមានលទ្ធភាពផ្ដល់ប្រាក់ពលកម្មច្រើនបែបនេះទៅដល់ Sanchez ដូចក្រុមបិសាចក្រហមនោះទេ។ ដូច្នេះមានន័យថា កីឡាករនឹងត្រូវកាត់បន្ថយប្រាក់ខែរបស់ខ្លួន ប្រសិនបើផ្លាស់ទៅចូលរួមជាមួយក្រុមលោក David Moyes។
លោក David Moyes
តួយ៉ាង កំឡុងពេលខ្ចីជើងលេងនៅ Inter ក្រុម Man Utd បានចំណាយ៣សែនផោនក្នុង១សប្ដាហ៍ សម្រាប់ប្រាក់ខែរបស់ Sanchez ខណៈខាងក្លិបនៅ Serie A ជួយចំណាយ១សែនផោន។គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍រ​បស់កាសែត​ AF ចាប់តាំងពី Sanchez ផ្លាស់ពី Arsenal មកកាន់កីឡដ្ឋាន Old Trafford ក្នុងឆ្នាំ២០១៨  ក្លិប Man UTD បានចំណាយទៅលើរូបគេអស់រហូតដល់ទៅ ៦៤,៥លានផោនហើយ៕