ក្លឹបយក្សអ៊ីតាលីមួយចង់បាន Super Star ៣រូបពីក្លឹបនៅទីក្រុងឡុងដ៍

  • អង្គារ ០៧ មេសា, ២០២០ ១៥:៣៧
យោងតាមការសែតកីឡារបស់អ៊ីតាលី La Gazzetta dello Sport បានផ្សាយថា ក្លឹបបាល់ទាត់ Inter Milan កំពុងតាមដានស្ថានភាពកីឡាករល្បី ៣រូបដែលកំពុងប្រកបអាជីពនៅ Premier League ខណៈដែលក្លឹប Inter Milan រង់ចាំវាយឆ្មក់យកកីឡាករល្បីៗទាំងនោះដោយគ្មានតម្លៃខ្លួន ក្នុងនោះមាន កីឡាករ Willian និងកីឡាករ Olivier Giroud របស់ក្លឹប Chelsea និងកីឡាករ Jan Vertonghen របស់ Tottenham Hotspurs។
កីឡាករ Willian
ដោយសារតែភាពមិនច្បាស់លាស់ជុំវិញការផ្ទេរកីឡាករ ក្លឹប Inter Milan បាននឹងកំពុងរៀបចំផែនការ ដើម្បីស្វែងរកកីឡាករដែលផុតកិច្ចសន្យា (Out of Contract) ដោយសារតែធនធានរបស់ក្លឹបយក្សមួយនេះមានកំណត់។គោលដៅកីឡាករដែលជិតអស់កុងត្រា ៣រូបខាងលើ គឺកីឡាករ Willian និងកីឡាករ Jan Vertonghen គឺជាជម្រើសដែលអាចទៅរួច ស្របពេលដែលកីឡាករ Olivier Giroud អាចនឹងពិបាកក្នុងការសម្របខ្លួនក្នុងក្រុមរបស់អ្នកចាត់ការ Antonio Conte ខណៈពួកគេទាំងពីរធ្លាប់ធ្វើការជាមួយគ្នាម្តងកាលនៅក្លឹប Chelsea។
កីឡាករ Olivier Giroud និងលោក Antonio Conte កាលនៅ Chelsea
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល កីឡាករ Willian បច្ចុប្បន្នឈានចូលវ័យ ៣១ឆ្នាំ ខណៈដែលកុងត្រារបស់រូបគេនឹងផុតនៅបំណាច់ខែមិថុនា ឆ្នាំ២០២០នេះ ជាមួយតម្លៃខ្លួនបច្ចុប្បន្នប្រមាណ ២៨លានផោន។ ចំណែកខ្សែការពារជម្រើសជាតិបែលហ្សុិក កីឡាករ Jan Vertonghen ក្នុងវ័យ ៣២ឆ្នាំ រូបគេបានចូលរួមជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspurs ក្នុងរដូវកាល ២០១២-២០១៣ ខណៈកុងត្រាបច្ចុប្បន្ននឹងបញ្ចប់ក្រោយបញ្ចប់រដូវកាលនេះ ស្របពេលរូបគេនៅមានតម្លៃខ្លួនប្រមាណ ១៨លានផោន។
កីឡាករ Jan Vertonghen
ចំពោះខ្សែប្រយុទ្ធដែលបានជួយជម្រើសជាតិបារាំងលើកពានរង្វាន់ World Cup 2018 វិញ កីឡាករ Olivier Giroud វ័យ ៣៣ឆ្នាំ ហាក់មិនសូវបានបង្ហាញខ្លួនឡើយក្រោមការដឹកនាំរបស់លោក Frank Lampard ដោយបង្ហាញខ្លួនបានចំនួន ១៣ប្រកួតប៉ុណ្ណោះ ក្នុងនោះរកបានចំនួន ៣គ្រាប់ និងបានបង្ហាញពីចេតនាចាកចេញពីក្លឹបតាំងពីដើមរដូវកាលមកម្ល៉េះ ខណៈដែលកុងត្រារបស់គេនឹងផុតនៅចុងខែមិថុនានេះផងដែរ៕
លោក Frank Lampard និងកីឡាករ Olivier Giroud