ឃើញគេជោគជ័យ យូធូបចង់បង្កើតមុខងារវីដេអូខ្លី ដើម្បីប្រជែងជាមួយតីកតុក

បរទេស៖ ថ្មីនេះៗ កម្មវិធី តីកតុក មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ចំនួន ៤១ លាននាក់ នៅខាងក្រៅប្រទេសចិន ហើយពេលឆាប់ៗនេះ វាអាចនឹងមានដៃគូប្រកួតប្រជែងដ៏ពិតប្រាកដ។ បើផ្អែកតាមព័ត៌មាន បច្ចុប្បន្នកម្មវិធី យូធូប កំពុងធ្វើការលើមុខងារថ្មីមួយ ហៅថា Shorts ដែលមានគោលបំណងប្រកួតប្រជែងជាមួយ​ តីកតុក។ បើតាមរបាយការណ៍ មុខងារ Shorts នឹងស្ថិតនៅជាមួយកម្មវិធី យូធូប ហើយវាមិនមែនជាកម្មវិធី នៅដាច់តែឯងនោះទេ។ វីដេអូធ្វើត្រាប់តាមសំឡេងពិតជាមានប្រជាប្រិយភាព មិនគួរឲ្យជឿ នៅលើកម្មវិធី តីកតុក ដែលវាមានទាំងកន្លែងកែ (edit) ជាច្រើន ដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់អ្នកប្រើប្រាស់។
តីកតុក បង្កើតឡើងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន
ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីដ៏ពេញនិយម ដែលបង្កើតឡើងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន យូធូប មានគម្រោងបញ្ចេញប្រភេទតន្ត្រីយ៉ាងច្រើន ដែលមានសិទ្ធិអនុញ្ញាតឲ្យប្រើប្រាស់ត្រឹមត្រូវ។ ក្នុងរយៈពេល ១២​ ខែ​កន្លងមកនេះ កម្មវិធី តីកតុក ត្រូវបានគេទាញយកប្រមាណ ៨៤២ លានដងពី App Store និង Play Store។ កាលពីឆ្នាំមុន យូធូប អាចរកប្រាក់ចំណូលចំនួន ១៥ ពាន់លានដុល្លារ​ ចេញពីការផ្សាយពាណិជ្ជកម្ម ហើយចំណែក តីកតុក អាចរកប្រាក់ចំណូលបានត្រឹមតែ ១៧៧ លានដុល្លារ ចេញពីការទិញនៅក្នុងកម្មវិធី។​
យូធូប អាចរកប្រាក់ចំណូលចំនួន ១៥ ពាន់លានដុល្លារ​ ចេញពីការផ្សាយពាណិជ្ជកម្ម
យូធូបមានគម្រោងបើកដំណើរការមុខងារថ្មីមួយនេះ នៅចុងឆ្នាំនេះ ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី តីកតុក។ បន្ទាប់មក យើងនឹងដឹងថាតើ វេទិកាវីដេអូធំបំផុតរបស់ពិភពលោកអាចទទួលបានការគាំទ្រ ឬក៏ស្ថិតក្នុងបញ្ជីក្រុមហ៊ុន ដែលចូលមកគ្រាន់តែសាកល្បងប៉ុណ្ណោះ៕