ប្រទេសអេក្វាទ័រប្រញាប់រៀបចំទីបញ្ចុះសពបន្ទាន់ ​ក្រោយចំនួនអ្នកស្លាប់ដោយជំងឺកូវីត១៩​កើនឡើងខ្លាំង

  • ពុធ ០៨ មេសា, ២០២០ ១៣:១៣
បរទេស៖ រដ្ឋាភិបាលប្រទេសអេក្វា​ទ័រកំពុងរៀបចំកន្លែងបញ្ចុះសពបន្ទាន់ នៅលើ​ទីតាំងមួយកន្លែងក្នុងទីក្រុង Guayaquil ដែលជាទីក្រុងធំបំផុត​ ដើម្បីដោះស្រាយបញ្ហាកង្វះខាត​ទីកន្លែងបញ្ចុះសព ខណៈជំងឺកូវីត១៩​បានបន្តឆក់យកជីវិតមនុស្សជាច្រើននៅក្នុងប្រទេសនេះ។
អ្នកស្លាប់ដោយជំងឺកូវិត១៩ នៅប្រទេសអេក្វាទ័រ
គិតត្រឹមថ្ងៃអង្គារកន្លងទៅ ប្រទេសនេះ​បានរកឃើញអ្នកឆ្លងជំងឺកូវីត១៩សរុប ៣,៩៩៥ នាក់ និង​អ្នកស្លាប់ចំនួន ២២០ នាក់ ​ខណៈអ្នកស្លាប់ចំនួន ១៨២ នាក់​ផ្សេងទៀត ត្រូវបានគេសង្ស័យថាមានជាប់ទាក់ទងនឹងជំងឺកូវីត១៩។ ការផ្ទុះឡើងនៃចំនួនអ្នកស្លាប់ដ៏ច្រើនភ្លាមៗនេះ បានបង្កឱ្យមានកង្វះខាតមឈូស​ ដោយសាកសពខ្លះ​ត្រូវបានក្រុមគ្រួសារដាក់នៅក្នុងប្រអប់ក្រដាសកាតុង​ ហើយទុករយៈពេលជាច្រើនថ្ងៃ ​ដើម្បីរង់ចាំទីបញ្ចុះសព​រៀបចំរួចរាល់។
អ្នកស្លាប់ដោយជំងឺកូវិត១៩ នៅប្រទេសអេក្វាទ័រ
កាលពីសប្តាហ៍មុន រដ្ឋាភិបាល​របស់ប្រទេសនេះ បានសម្រេចប្រមូលសាកសពជនរងគ្រោះដែល​ស្លាប់ដោយ​ជំងឺកូវីត១៩ទៅដាក់ក្នុងទូរ​កុងតឺន័រក្លាសេ​  និងរង់ចាំរហូតដល់​កន្លែងបញ្ចុះសពត្រូវបានរៀបចំរួច ហើយគោលបំណងរដ្ឋាភិបាលគឺបញ្ចុះសព​ចំនួន ១០០ ក្នុងមួយថ្ងៃ នៅឯទីបញ្ចុះសពនៅភាគខាងជើងទីក្រុង Guayaquil ដែល​ជាទីតាំងធំមួយ​អាចបញ្ចុះសព​សរុបចំនួន ២០០០។
អ្នកស្លាប់ដោយជំងឺកូវិត១៩ នៅប្រទេសអេក្វាទ័រ
គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះ ​ជំងឺកូវីត១៩បានឆក់យកជីវិត​គ្រូពេទ្យអេក្វាទ័រចំនួន ៧ នាក់​ ក្នុងចំណោម​ ១៤៧ នាក់ដែលបានឆ្លងជំងឺនេះ។ ​ចំណែកឯ​គ្រូពេទ្យចំនួន ១២០ នាក់ផ្សេងទៀត បាន​សុំលាឈប់ពីការងារ​ ដោយសារខ្លាចឆ្លងជំងឺ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនគ្រូពេទ្យនិងបុគ្គលិកពេទ្យនៅក្នុងប្រទេសនេះ គឺកាន់តែតិចទៅៗ៕
អ្នកស្លាប់ដោយជំងឺកូវិត១៩ នៅប្រទេសអេក្វាទ័រ
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖