AC Milan គ្រោងនាំយកកីឡាករនាំលេងជើង​ចាស់មួយរូប​ដែលជួយ​អេស្ប៉ាញលើកពាន World Cup ម្តង និងយូរ៉ូ ២​ដង​

  • ពុធ ០៨ មេសា, ២០២០ ១៣:១១
យោងតាមសារព័ត៌មាន Calciomercato ក្លឹបបាល់ទាត់ AC Milan បានជួបពិភាក្សាជាមួយភ្នាក់ងារកីឡាករមួយរូបពីលទ្ធភាពនៃការនាំយកអតីតខ្សែបម្រើជាម្រើសជាតិអេស្ប៉ាញ កីឡាករ David Silva ដែលបានចាកចេញពីក្លឹប Manchester City ក្រោយកិច្ចសន្យាបានបញ្ចប់។
កីឡាករ David Silva
ខ្សែបម្រើ វ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានក្លឹបជើងឯក Champions League ៧សម័យកាល មើលឃើញពីសក្តានុពល និងភាពជាអ្នកដឹកនាំក្នុងទីលានរបស់គេ ដើម្បីជួយជ្រោមជ្រែងក្លឹបដែលធ្លាប់ខ្លាំងទាំងក្នុងស្រុក និងទ្វីបអឺរ៉ុបនោះ ត្រលប់ទៅរកភាពខ្លាំងរបស់ខ្លួនវិញ និងមានឱកាសលេងនៅក្របខណ្ឌ Champions League វិញផងដែរ។
ក្លឹប AC Milan ឈ្នះជើងឯក Champions League លើកទី៧ កាលពីឆ្នាំ២០០៧
David Silva បានចូលរួមជាមួយក្លឹបជើងឯក Manchester City កាលពីរដូវកាល ២០១០-២០១១ ក្នុងតម្លៃ ២៨.៧៥ លានផោន ពីក្លឹប Valencia។ រយៈពេល ១០រដូវកាលជាមួយក្លឹប Manchester City ខ្សែបម្រើឆ្នើយរូបនេះ បង្ហាញខ្លួនសរុបបាន ៤២៤ប្រកួត ដោយរកបាន ៧៤គ្រាប់ និបញ្ចូនបាល់បាន ១៣៧គ្រាប់ផងដែរ ក្នុងនោះរូបគេជួយក្លឹបឈ្នះពានជាមួយច្រើន រួមមាន៖ Premier League ៤ដង FA Cup ៣ដង EFL Cup ៥ដង ពានរង្វាន់បើករដូវកាលរបស់អង់គ្លេស FA Community Shield ៣ដង និងពានបុគ្គលមួយចំនួនទៀត។
កីឡាករ David Silva លើកពាន Premier League
ជោគជ័យធំបំផុតសម្រាប់កីឡាករអាជីព គឺបានបង្ហាញខ្លួនសម្រាប់ជម្រើសជាតិរបស់ខ្លួន និងជួយ ជម្រើសជាតិរបស់ខ្លួនឈ្នះពានអន្តរជាតិនានា តួយ៉ាង ខ្សែបម្រើរូបនេះ បានជួយជម្រើសជាតិអេស្ប៉ាញឈ្នះពានធំបំផុត ក្នុងនោះមាន៖ ពានរង្វាន់ទ្វីបអឺរ៉ុបអាយុក្រោម១៩ឆ្នាំ ម្តងកាលឆ្នាំ២០០៤ ពានរង្វាន់ទ្វីបអឺរ៉ុប (UEFA European Championship) ២ដង ឆ្នាំ២០០៨ និងឆ្នាំ២០១២ និងពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ម្តងកាលឆ្នាំ២០១០៕
ក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប (UEFA European Championship) ឆ្នាំ២០០៨
ក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១០
ក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប (UEFA European Championship) ឆ្នាំ២០១២