ថ្ងៃនេះ ព្រះចន្ទខិតជិតផែនដី ជាងពេលធម្មតា ទើបនាំឲ្យវាមានទំហំធំ និងភ្លឺជាងមុនបន្ដិច ក៏ប៉ុន្តែ...

កម្ពុជា៖ កាលពីខែមុន បាតុភូតព្រះចន្ទធំពេញវង់បានកើតឡើងម្ដងរួចមកហើយ ដោយចំថ្ងៃទី១០ ខែមីនា ប៉ុន្ដែក្នុងឆ្នាំ២០២០នេះ ព្រះចន្ទធំពេញវង់កើតឡើងចំនួនពីរលើក។ បើយោងតាមគេហទំព័រ Time and Date បានឲ្យដឹងថា ម្ដងនេះ វាបានកើតឡើងនៅថ្ងៃពុធ ទី៨ ខែមេសា វេលាម៉ោង ៩:៣៥ ព្រឹក។ ខុសប្លែកពីព្រះចន្ទពេញវង់ធម្មតា ព្រះចន្ទធំពេញវង់កើតឡើងនៅពេល វាធ្វើដំណើរគោចរមកជិតផែនដី ជាងពេលធម្មតា។ ទោះជាយ៉ាងណា យើងមិនអាចមើលឃើញព្រះចន្ទ នៅពេលព្រឹកនោះទេ ហើយនេះជាមូលហេតុដែលនាំឲ្យប្រជាជនកម្ពុជាខកខាន មិនបានទស្សនាព្រះចន្ទធំពេញវង់ ជាលើកទីពីរ នៅក្នុងឆ្នាំនេះ។
នៅឆ្នាំ២០២០នេះ ព្រះចន្ទធំពេញវង់ កើតឡើងចំនួនពីរលើក
គន្លងគោចរព្រះចន្ទជុំវិញផែនដីមិនមានរាងជារង្វង់នោះទេ ប៉ុន្ដែវាមានរាងជាពងក្រពើ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី។ នៅពេលគន្លងព្រះចន្ទឃ្លាតឆ្ងាយពីផែនដី ត្រូវបានគេហៅថា ឧទ្ធង្គត។ ចំណែក ដំណើរគោចរនៅជិតផែនដីត្រូវបានគេហៅថា សមីសង្គត។ ជាធម្មតា ព្រះចន្ទមានចម្ងាយពីផែនដី ៣៨២,៩០០គីឡូម៉ែត្រ ហើយចម្ងាយនៅជិតបំផុតមានប្រវែង ៣៦០,០០០គីឡូម៉ែត្រ និងនៅឆ្ងាយបំផុតមានប្រវែង ៤០៥,០០០ គីឡូម៉ែត្រ។ ព្រះចន្ទធំពេញវង់នឹងមានទំហំធំជាងព្រះចន្ទពេលធម្មតា ៥.៩ភាគរយ ទៅ ៦.៩ភាគរយ ហើយវាធំជាងព្រះចន្ទនៅឆ្ងាយពីផែនដី ១២.៥ភាគរយ ទៅ ១៤.១ភាគរយ។ ចំពោះពន្លឺវិញ ព្រះចន្ទធំពេញវង់ភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ ហើយភ្លឺជាងព្រះចន្ទនៅឆ្ងាយពីផែនដី ៣០ភាគរយ។
គន្លងគោចររបស់ព្រះចន្ទ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី
គួរបញ្ជាក់ផងដែរថា យើងមិនអាចពិនិត្យឃើញ ភាពខុសប្លែកគ្នាខ្លាំង រវាងព្រះចន្ទធម្មតានិងព្រះចន្ទធំពេញវង់នោះទេ។ ហេតុនេះ សូមកុំរំពឹងទុកថា យើងអាចនឹងឃើញព្រះចន្ទធំខ្លាំងជាងមុន ឬវាភ្លឺខ្លាំងពេកនោះទេ ព្រោះបើតាមភាគរយ ដែលបានរៀបរាប់ខាងលើ អាចឲ្យយើងដឹងថា វាពិតជាខុសប្លែកជាងពេលធម្មតា ប៉ុន្ដែមិនច្រើនពេកទេ៕