​ចិន​រកឃើញអ្នកឆ្លង​កូវីត១៩ថ្មីចំនួន ៦២នាក់ ​ដែលកើនឡើងទ្វេដង បើ​ធៀបទៅនឹងថ្ងៃ​ម្សិលមិញ

  • ពុធ ០៨ មេសា, ២០២០ ១៥:២២
ប៉េកាំង៖ គណៈកម្មការសុខាភិបាលចិនបាន​ប្រកាសថា នៅថ្ងៃពុធនេះ ប្រទេសចិនបាន​រកឃើញអ្នកឆ្លង​កូវីត១៩ថ្មីចំនួន ៦២ នាក់ ​ដែលកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងថ្ងៃ​ម្សិលមិញចំនួន ៣២ នាក់។
ទីក្រុងវូហាននៅខេត្តហ៊ូប៉ី​ប្រទេសចិននៅថ្ងៃពុធទី ៨ ខែមេសាឆ្នាំ ២០២០
យោងតាមអាជ្ញាធរសុខាភិបាលចិនបាន​ឱ្យដឹងថា ​ករណីឆ្លងមកពីក្រៅប្រទេសនេះ នៅបន្តកើនឡើងជារៀងរាលថ្ងៃ ហើយ​បើគិតត្រឹមថ្ងៃ​អង្គារកន្លងទៅ ចំនួនករណីឆ្លងមកពីក្រៅប្រទេសនេះបានកើនឡើងដល់ ១,០៤២ នាក់។
ទីក្រុងវូហាននៅខេត្តហ៊ូប៉ី​ប្រទេសចិន​
កំណើនឡើងនៃករណីឆ្លង​​ថ្មីមកពីក្រៅប្រទេសនេះ​ បានកើតឡើង​ស្របពេលដែល​ទីក្រុងវូហានប្រទេសចិន ត្រូវបានបើកឱ្យប្រជាជនធ្វើដំណើរ​ឡើងវិញជាលើកដំបូង បន្ទាប់ពីបិទ​អស់រយៈពេលជាង ២ ខែកន្លងមក​។ ​ហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CCTV បានឱ្យដឹងថា ​ប្រជាជនចិនប្រមាណ ៥៥,០០០ នាក់ នឹងធ្វើដំណើរចាកចេញពីទីក្រុងវូហានតាមរថភ្លើងនៅថ្ងៃពុធនេះ។
អ្នកដំណើរកំពុងរង់ចាំរថភ្លើងក្រោមដី
គួររម្លឹកផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីត១៩មក ទីក្រុងវូហានប្រទេសចិនមានអ្នកឆ្លងជំងឺជាង ៥ ម៉ឺននាក់ ​និងមានអ្នកស្លាប់ចំនួន ២,៥៧១ នាក់ ដែលប្រហែល ៨០ ភាគរយនៃចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសចិន៕
អ្នកដំណើរកំពុងឈរតម្រង់ជួរ នៅខាងក្រៅស្ថានីយ៍រថភ្លើង Hankou ត្រៀមចាកចេញពីទីក្រុងវូហាន