លែងមែនទែនហើយ! PSG ត្រៀមជះលុយ៦២លាន ទិញផ្ដាច់ខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:៥៣
បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថា មានគម្រោងក្នុងការទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធ Mauro Icardi ក្នុងតម្លៃ៦២លានផោន បន្ទាប់ពីកិច្ចសន្យានៃការខ្ចីជើងត្រូវបានបញ្ចប់ នៅរដូវក្ដៅខាងមុខ។
កីឡាករMauro Icardi
Icardi បានចំណាយរដូវកាល ២០១៩-២០ លើទឹកដីបារាំង ក្រោមលក្ខខណ្ឌខ្ចីជើងពី Inter Milan និងបានបង្ហាញទម្រង់លេងលេចធ្លោ ឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស ដោយរកបានគ្រាប់បាល់៩គ្រាប់ ពីការបង្ហាញខ្លួន១១ប្រកួតក្នុងក្របខណ្ឌ Ligue 1។
កីឡាករ Mauro Icardi
យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Icardi ទើបតែរកបាន៣គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន៩ប្រកួតចុងក្រោយ ហើយត្រូវបានមានដំណឹងលេចឭមកថាគេក៏នឹងអាចត្រឡប់ទៅកាន់ទឹកដីអ៊ីតាលីវិញផងដែរ នៅពេលដែលកិច្ចខ្ចីជើងនៅកីឡដ្ឋាន Parc des Princess អស់សុពលភាព។ Juventus និង AC Milan សុទ្ធតែចង់បាន Icardi មករួមក្រុមលេងនៅក្របខណ្ឌ Serie A វិញ ប៉ុន្តែបើតាម Corriere dello Sport ក្លិប PSG ពេលនេះក៏មានគម្រោងក្នុងការបន្តរក្សាទុកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនដោយទិញផ្ដាច់ក្នុងតម្លៃ៦២លានផោន។
កីឡាករ Mauro Icardi
ប្រភពដដែលបានបន្តឲ្យដឹងថា ក្លិបជើងឯកបារាំងចង់បាន Icardi ដើម្បីទៅជំនួសកន្លែងកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប Edinson Cavani ដែលកិច្ចសន្យារបស់កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយនឹងផុតកំណត់នៅរដូវក្ដៅនេះ។គួរបញ្ជាក់ផងដែរថា សរុបការបង្ហាញខ្លួន៣១ប្រកួតឲ្យ PSG គ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ Icardi រកបានគ្រាប់បាល់២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤លើក៕
កីឡាករ Mauro Icardi