អ្នកនាំពាក្យ ប្រាប់ឲ្យ​រដ្ឋបាល​រោងចក្រ​កត់​ឈ្មោះ​កម្មករ​ ដែល​​អវត្ត​មាន​​​អំឡុង​​ពេល​ចូល​​ឆ្នាំ​​ឲ្យ​អាជ្ញាធរ​

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១០:៥១
ថ្មីៗនេះ រដ្ឋាភិបាលបាន​​ប្រកាសលើក​ពេល​ថ្ងៃឈប់​សម្រាក ក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ទៅពេល​ក្រោយ​ ដោយអះអាងថាធ្វើឡើងដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃ​ Covid-19។បើទោះបីជាមានការប្រកាសបែបនេះក្តី គេសង្កេតឃើញមានការលើកឡើងនៅលើបណ្តាញសង្គមមិនតិចទេ ដែល​បង្ហាញ​នូវក្តីបារម្ភថា កម្មកររោងចក្រមួយចំនួន អាចនឹងនៅតែចង់ឈប់សម្រាកដើម្បីជួបជុំគ្រួសារ ឬទៅស្រុក​កំណើត​។ជាការឆ្លើយតបទៅកាន់ស្ថានភាពនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ លោក ហេង សួរ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយប្រាប់ឲ្យរដ្ឋបាលរោងចក្រកត់ឈ្មោះកម្មករ​និយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ។លោកថា៖ «ដើម្បីបង្ការហានិភ័យក្រោយពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធានចត្តាឡីស័កសុខាភិបាល សូមរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមាន​ក្នុងអំឡុង​ពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់បងប្អូនទាំងនោះឱ្យនៅ ដាច់ដោយ​ឡែក​ពីគេ) នៅតាមផ្ទះជួលរបស់គាត់ ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ។»សូមបញ្ជាក់ថា រដ្ឋាភិបាលកាលពីថ្ងៃ០៧ មេសាកន្លងទៅ បានប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់​ឆ្នាំ២០២០។ ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសា​រ​​តែ​ការពារកុំឲ្យរាលដាល​ជំងឺ​កូវីដ​-១៩​ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅ​ស្រុក​កំណើត ដែលជាមធ្យោបាយមួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅធ្វើការធម្មតា ពោលគឺមិន​អនុញ្ញាត​ឲ្យ​សម្រាក​ក្នុងអំឡុងចូលឆ្នាំនេះឡើយ។ ហើយសម្តេចនាយករដ្ឋមន្ត្រីអះអាងថា នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរ​​ស្បើយ រដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុន​ឯកជន​៕​