ដំណឹងល្អលើកមុន ស្រទាប់អូហ្សូននៅតំបន់ប៉ូលខាងត្បូង រួមតូចជាងមុន ប៉ុន្ដែម្ដងនេះ ពួកយើងទទួលបានដំណឹងអាក្រក់ ពីប៉ូលខាងជើង (មានវីដេអូ)

បរទេស៖ ក្នុងរយៈពេលមួយខែចុងក្រោយនេះ​ ប្រហោងថ្មីនៅក្នុងស្រទាប់អូហ្សូន បានចាប់ផ្ដើមបង្កើត នៅលើតំបន់អាក់ទិក។ ស្រទាប់អូហ្សូននៅលើប៉ូលខាងជើងត្រូវបានបំផ្លាញជាច្រើនដង កាលពីអតីតកាល។ ប៉ុន្តែពេលនេះ អាកាសធាតុអាក្រក់និងលក្ខខណ្ឌបរិយាកាសបាននាំឲ្យមាន ការថយចុះនៃស្រទាប់អូហ្សូនជាងពេលធម្មតា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប។
ស្រទាប់អូហ្សូននៅតំបន់ប៉ូលខាងជើង កំពុងទទួលរងការគំរាមកំហែង
ប្រហោងអូហ្សូននៅឆ្នាំនេះធំជាងពេលធម្មតា ដោយសារតែសីតុណ្ហភាពត្រជាក់មិនទៀងទាត់ នៅស្រទាប់បរិយាកាស stratosphere របស់ផែនដី ដែលបានជួយប្រមូលផ្ដុំខ្យល់កួចត្រជាក់ នៅក្នុងតំបន់ ដែលប៉ះពាល់អូហ្សូន ច្រើនជាងពេលធម្មតា។ ទោះជាយ៉ាងណា ប្រហោងដ៏ធំមិនធម្មតាមួយនេះ នៅក្នុងស្រទាប់អូហ្សូន គឺនៅតូចជាងប្រហោងល្បីជាច្រើន នៅតំបន់អង់តាក់ទិក (ប៉ូលខាងត្បូង)។ ប្រហោងដ៏ល្បីនៅតំបន់អង់តាក់ទិកអាចពង្រីកខ្លួនដល់ទៅ ២៥លានគីឡូម៉ែត្រការ៉េ ប៉ុន្តែសព្វថ្ងៃនេះ វាបានរួមតូចជាងមុន។ ចំណែកប្រហោងអាក់ទិកថ្មីមួយនេះវិញមានទំហំតូចជាង មួយលានគីឡូម៉ែត្រការ៉េ។ គេនៅមិនទាន់ដឹងច្បាស់ថា នឹងមានអ្វីកើតឡើង នៅឆ្នាំក្រោយៗនោះទេ។ ខណៈពេលដែលប្រហោងអូហ្សូនធំជាងខ្នាតមធ្យម ត្រូវបានបង្កឡើងដោយផ្នែកមួយនៃអាកាសធាតុធ្ងន់ធ្ងរ ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្ដូរអាកាសធាតុ។ ប៉ុន្តែយើងដឹងថា ការថយចុះអូហ្សូនអាចបង្កឲ្យមាន អាកាសធាតុកាន់តែអាក្រក់ នៅជុំវិញពិភពលោក៕