គិលានុបដ្ឋាយិកា៣នាក់ ត្រូវបង្ខំចិត្តយកថង់ដាក់សំរាមពាក់ការពារវីរុសកូវីដ-១៩ ហើយឥឡូវនេះ ឆ្លងវីរុសគ្រប់គ្នា

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១៥:២៦
អង់គ្លេស៖ គិលានុបដ្ឋាយិកា៣នាក់ នៅឯមន្ទីរពេទ្យ Northwick Park Hospital ក្នុងទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍កាលពីយប់ថ្ងៃទី៨ ខែមេសាម្សិលមិញនេះថា ឆ្លងវីរុសកូវីដ-១៩។គិលានុបដ្ឋាយិកា៣នាក់ខាងលើនេះ ត្រូវបានបង្ខំចិត្តយកថង់ដាក់សំរាមពាក់ការពារវីរុស កំឡុងពេលបម្រើការងារកាលពីខែមុន ដោយសារតែខ្វះខាតឯកសណ្ឋានការពារខ្លួនខ្លាំងពេក។ ហើយពួកគេទាំង៣ បានធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុស កាលពីសប្ដាហ៍មុននេះ។អ្នកនាំពាក្យផ្នែកសុខាភិបាល NHS នៃទីក្រុងឡុងដ៍ បានឲ្យដឹងដែរថា បុគ្គលិកពេទ្យមួយចំនួនទៀត រួមមានទាំងអ្នកគ្រប់គ្រង ដែលបម្រើការងារនៅឯមន្ទីរពេទ្យខាងលើ ត្រូវបានធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ផងដែរ។ទន្ទឹមនឹងនេះដែរ ខាងថ្នាក់លើក៏ត្រូវបានគេស្ដីបន្ទោសពីការមិនមានឯកសណ្ឋានការពារសម្រាប់បុគ្គលិកផងដែរ។ ហើយយ៉ាងណាមិញ បុគ្គលិកពេទ្យទាំងអស់ ក៏ត្រូវបានព្រមានមិនឲ្យបែកធ្លាយទៅកាន់សារព័ត៌មាននាៗ អំពីការខ្វះខាតនៃឯកសណ្ឋាន និង ឧបករណ៍ការពារឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
គិលានុបដ្ឋាយិកាទាំង៣នាក់
គិលានុបដ្ឋាយិកាទាំង៣នាក់