កីឡាករជួរមុខរបស់ Liverpool រូបនេះ ជាគោលដៅសំខាន់របស់លោក Conte នៅទីផ្សាររដូវក្ដៅខាងមុខ

  • ព្រហស្បតិ៍ ០៩ មេសា, ២០២០ ១៦:៣០
អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែត TuttoMercatoWeb ក្លិប Inter Milan បានដាក់គោលដៅផ្ទេរយកខ្សែបម្រើឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Gini Wijnaldum នៅរដូវក្ដៅខាងមុខ ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Anfield នឹងផុតកំណត់នៅបំណាច់រដូវកាលក្រោយ។
កីឡាករGini Wijnaldum
Wijnaldum ក្នុងរដូវកាលនេះ ត្រូវបានគេមើលឃើញថា ជាកីឡាករសំខាន់ម្នាក់ក្នុងតំបន់កណ្ដាល របស់ក្រុមលោក Jurgen Klopp ពោលគេបង្ហាញខ្លួនឲ្យ Liverpool បានរហូតដល់៣៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៥គ្រាប់។
កីឡាករGini Wijnaldum
យ៉ាងណាមិញ អនាគតរបស់ជម្រើសជាតិហូឡង់ ចាប់ផ្ដើមស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីកុងត្រារបស់គេ ជាមួយក្លិបជើងឯក Champions League  រដូវកាលមុន នៅមានសុពលភាពត្រឹម ១២ខែទៀតប៉ុណ្ណោះ។ឆ្លៀតពេល Liverpool មិនទាន់ចរចាបន្តកុងត្រាថ្មីជាមួយខ្សែបម្រើវ័យ២៩ឆ្នាំ ក្លិបយក្សអ៊ីតាលី Inter Milan គ្រោងឆ្មក់យករូបគេចេញពីកីឡដ្ឋាន Anfield ដោយយោងតាមប្រភពខាងលើ ក្លិបនៅ Serie A បានរៀបចំសំណើប្រមាណ ២៦លានផោន សម្រាប់ផ្ទេរយក Wijnaldum។
កីឡាករ Gini Wijnaldum
គួររម្លឹកផងដែរថា កាលពីទីផ្សារដោះដូររដូវរងារកន្លងទៅ គ្រូបង្គោលក្រុម​ Inter លោក Conte ចុះកុងត្រាយកកីឡាករឆ្នើមៗពី Premier League ទៅចំនួន៣រូបហើយ ក្នុងនោះមាន ខ្សែបម្រើ Christian Eriksen (Spurs) ,ខ្សែការពារស្លាប Ashley Young (Man UTD) និង Victor Moses (Chelsea)៕