ជំងឺកូវីដ-១៩៖ ប្រទេសចិនទើបតែរាយការណ៍ ពីករណីស្លាប់ថ្មីមួយ និងចំនួនអ្នកឆ្លងថ្មី ៤២ នាក់

  • សុក្រ ១០ មេសា, ២០២០ ០៩:០១
ចិន៖ គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤២ករណី និងមានករណីស្លាប់ថ្មីមួយ នៅចុងថ្ងៃព្រហស្បតិ៍នេះ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានឲ្យដឹងថា ពេលនេះចំនួនករណីឆ្លងសរុបក្នុងប្រទេសចិន កើនដល់៨១,៩០៧នាក់ និងមានអ្នកស្លាប់ចំនួន៣,៣៣៦នាក់។ ករណីឆ្លងសរុបនេះមិនបានឆ្លុះបញ្ចាំងពីករណីសកម្មនោះទេ ពោលចំនួនទាំងនេះ រាប់ចាប់ពីការផ្ទុះឡើងនៃករណីឆ្លងដំបូង រហូតមកដល់បច្ចុប្បន្ន។
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ-១៩
ក្នុងចំណោមករណីទាំងអស់នោះ អ្នកជំងឺ៧៧,៤៥៥នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។ ក្នុងចំណោម៤២ករណីថ្មី មាន៣៨ករណីត្រូវបាននាំចូលពីបរទេស។ ក្នុងនោះដែរ គេបានរាប់បញ្ចូលទាំងករណីដាក់នៅដាច់ដោយឡែក ហើយការឆ្លងថ្មីចំនួន៤៧ករណីនៅមិនទាន់ចេញរោគសញ្ញានៅឡើយទេ។ ឥឡូវនេះ ករណីមិនទាន់ចេញរោគសញ្ញាចំនួន១,០៩៧ ស្ថិតនៅក្រោមការសង្កេតខាងផ្នែកវេជ្ជសាស្ត្រ៕