ចុមយក្ស! Barca គ្រោងដាក់ Semedo ក្នុងកិច្ចព្រមព្រៀង វ៉ៃដូរយកកីឡាករឆ្នើមរបស់ Man City រូបនេះ

  • សុក្រ ១០ មេសា, ២០២០ ០៩:១៣
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា មានគម្រោងដាក់កីឡាករ Nelson Semedo ជាថ្នូរដោះដូរយកខ្សែការពារស្លាបស្ដាំ Joao Cancelo របស់ក្រុម Manchester City។Cancelo បានចាកចេញពីក្រុម Juventus ផ្លាស់មកកាន់ Man City កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែ ត្រូវបានគេមើលឃើញថា ជម្រើសជាតិព័រទុយហ្គាល់រូបនេះហាក់ពិបាកនឹងប្រជែងយកកៅអី ជម្រើស១១នាក់ដំបូង ក្នុងក្រុមលោក Pep Guardiola។
ខ្សែការពារស្លាបស្ដាំJoao Cancelo
ជាក់ស្ដែង ខ្សែការពារស្លាបស្ដាំ ទើបបង្ហាញខ្លួនឲ្យក្រុមរហ័សនាមមេឃខៀវបាន១១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ។ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Telegraph ក្លិប Barca មានបំណងចង់នាំយក Cancelo ចេញពីកីឡដ្ឋាន Etihad Stadium។ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបយក្សនៅតំបន់កាតាឡាន់ ចង់ធ្វើកិច្ចព្រមព្រៀងលក្ខណៈដោះដូរកីឡាករគ្នា ដោយសារតែបច្ចុប្បន្ន ក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19។​ ជាមួយគ្នានេះ ក្លិបគ្រោងផ្ដល់ខ្សែការពារស្លាបស្ដាំ Semedo ទៅកាន់ Man City។
កីឡាករNelson Semedo
គួរឲ្យដឹងដែរថា Semedo បង្ហាញខ្លួនឲ្យ Barca បាន១១១ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ចាប់តាំងពីផ្លាស់ពីក្រុម Benfica កកាលពីឆ្នាំ ២០១៧មក។ ដោយឡែកក្នុងរដូវកាលនេះ ក្នុងចំណោមការចូលលេង២១ប្រកួត នៅក្របខណ្ឌ La Liga គេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង៕