ទីក្រុងបាងកកនឹងហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា

  • សុក្រ ១០ មេសា, ២០២០ ១០:១៣
បាងកក៖ បច្ចុប្បន្ននេះ ទីក្រុងបាងកកគឺជាចំណុចផ្ទុះខ្លាំងជាងគេនៃជំងឺរាតត្បាតថ្មីកូវីដ-១៩ បើធៀបនឹងតំបន់ផ្សេងៗទៀតក្នុងប្រទេសថៃ ដែលជាហេតុនាំឲ្យអាជ្ញាធរទីក្រុងបាងកក កាន់តែរឹតត្បិត និងហាមឃាត់សិទ្ធិសេរីភាពមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស។
ទីក្រុងបាងកក
ជាក់ស្ដែង ទីក្រុងបាងកកទើបដាក់ចេញនូវបម្រាមមួយថែមទៀត គឺការហាមឃាត់ចរាចរណ៍គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ ហើយបម្រាមនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែមេសា។ ហើយនេះ គឺជាវិធានការរឹតបន្ដឹងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ដថែមទៀត ខណៈវីរុសនេះចាប់ផ្ដើមផ្ទុះខ្លាំងតាំងពីដើមខែមីនារហូតមក ស្របពេលប្រទេសថៃទាំងមូលកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។
ទីក្រុងបាងកក
ពាក់ព័ន្ធករណីនេះ លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលទីក្រុងបាងកកបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា៖ សូមជម្រាបថា ជុំវិញស្ថានភាពបច្ចុប្បន្ននេះ រដ្ឋាភិបាលថៃក៏បានពន្យារពេលរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដែលគ្រោងនឹងប្រារព្ធចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសាខាងមុខនេះផងដែរ ហើយអាចនឹងពន្យាររហូតដល់ចុងឆ្នាំ ប៉ុន្ដែប្រជាជនមួយចំនួននៅតែចង់ប្រារព្ធពិធីនេះ៕