៦ចំណុច ដែលអ្នកគួរតែកាត់បន្ថយ បន្ទាប់ពីរៀបការ មានប្ដីប្រពន្ធ សាងគ្រួសារជារបស់ខ្លួនឯង

ជីវិតនៅលីវ និងមានគ្រួសារ វាមិនដូចគ្នាទេ ជាពិសេសនោះគឺ អត្តចរិតមួយចំនួន អ្នកក៏មិនអាចប្រើប្រាស់ ជាមួយប្ដី ឬប្រពន្ធអ្នកដែរ បើទោះបីជាអ្នកធ្លាប់ធ្វើនូវទង្វើ កាយវិការបែបនេះដាក់គ្នា កាលនៅជាសង្សារ ឬគូដណ្ដឹងក៏ដោយ ព្រោះថា អ្នកបានរៀបការ ក្លាយជាគ្រួសារតែមួយហើយ អ្នកត្រូវតែកាត់បន្ថយ ឬបោះបង់ចោល នូវចរិត និងទម្លាប់ទាំង៦ចំណុច ដូចខាងក្រោមនេះ ៖១. អារម្មណ៍ឆេវឆាវ
អារម្មណ៍មនុស្ស សុទ្ធសឹងតែចេះខឹង និងឆេវឆាវដូចគ្នា ជាពិសេសអ្នកនៅលីវ អារម្មណ៍ឆាប់ប្រែប្រួលផ្លាស់ប្ដូរណាស់ ដូច្នេះពេលអ្នករៀបការ មានគ្រួសារហើយ ដាច់ខាត ត្រូវតែកាត់បន្ថយអារម្មណ៍មួយហ្នឹង ព្រោះអ្នកមិនអាចជះកំហឹងគ្រប់ពេល ទៅប្ដី ឬប្រពន្ធអ្នកនោះឡើយ។ ជីវិតប្ដីប្រពន្ធ គឺទាមទារឱ្យមានការអត់ធ្មត់ សង្កត់ចិត្ត ចិត្តធ្ងន់ចំពោះគ្នាណាស់ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។២. ការប្រចណ្ឌហួសហេតុ
ពាក្យថាប្រចណ្ឌនេះ ប្រើបានតែចំពោះក្មេងស្ទាវ ជាសង្សារនឹងគ្នាតែប៉ុណ្ណោះ តែពេលក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ មិនគួរណានៅតែប្រចណ្ឌរករឿង គ្មានហេតុផលដូចមុនទេ ព្រោះទោះយ៉ាងណា ក៏ក្លាយជាប្ដីប្រពន្ធយើងហើយ កុំខ្លាចថាអ្នកណាមកបេះយកទៅ បើមនុស្សយើងមិនទោរទន់ទៅរកគេដែរ គឺគ្មានអ្នកណាមកដណ្ដើមរបស់យើងឡើយ។ មួយវិញទៀត ការប្រចណ្ឌជ្រុលហួសហេតុ វានឹងក្លាយជាការមិនជឿជាក់ មិនទុកចិត្តលើគ្នាទៅវិញទៅមក ការចំណាយពេល គិតតែប្រចណ្ឌគ្នា គឺវានឹងខាតពេលវេលាធ្វើការរកស៊ីទៀតផង។៣. ការសេពគប់មិត្តភក្តិ
មិត្តភក្តិល្អៗ នាំរឿងល្អៗឱ្យយើង គ្មានប្ដី ឬប្រពន្ធណាហាមឃាត់គ្នាមិនឱ្យរាប់អាននោះឡើយ ប៉ុន្តែមិត្តខ្លះ នាំតែរឿង បបួលតែប្រពន្ធគេដើរផ្សារ ទិញនេះទិញនោះមិនឈប់ បបួលតែប្ដីគេដើរស៊ីផឹកដាច់យប់ ចូលខារ៉ាអូខេឱបស្រី ធ្វើឱ្យតែប្ដីប្រពន្ធគេមានរឿង ឈ្លោះទាស់ទែងគ្នា សួរថា ប្ដីណា ប្រពន្ធណា ចង់ឱ្យដៃគូខ្លួនទៅរាប់អានមនុស្សបែបហ្នឹងនោះ ដូច្នោះហើយ មិត្តភក្តិ បនភឿន គួរតែមើលទៅ ថាអ្នកណាគួររាប់ អ្នកណាមិនគួររាប់ កាត់បាន ក៏កាត់ចោលខ្លះទៅ ប្រភេទមនុស្ស ទុកមិនចំណេញ ដកចេញក៏មិនខាតនោះ។
រូបតំណាង
៤. ការដើរលេង
ដើរលេងជាលក្ខណៈគ្រួសារ មានប្ដី មានប្រពន្ធបណ្ដើរគ្នាត្រសងដើរចុះ មិនខុសទាស់ទេ តែរឿងដើរលេងតែឯងៗ មិនយកប្ដី ឬប្រពន្ធទៅជាមួយនេះ គួរបោះបង់ចោលហើយ ព្រោះយើងមិនមែននៅលីវ ខ្លួនមួយដូចមុនទេ អ្នកណាគេចង់ដើរក៏ដើរទៅ តែយើង បើប្ដី ឬប្រពន្ធយើងមិនទៅ យើងក៏កុំប្រឹងតាមគេពេក ឱ្យចេះគិតផងថា យើងមានអ្នកកំពុងរង់ចាំនៅឯផ្ទះ។៥. ការចាយវាយលុយកាក់
រឿងលុយកាក់ បើនៅម្នាក់ឯងដូចមុន ស៊ីអំបិល ទឹកត្រី ក៏គ្មានបញ្ហា ចាយមួយថ្ងៃរកមួយថ្ងៃក៏គ្មានអីត្រូវខ្វល់ដែរ ព្រោះមាត់មួយខ្លួនមួយ គ្មានអ្នកណាមកលំបាកដោយសារយើងទេ។ តែពេលយើងរៀបការរួច កុំភ្លេចថា យើងមានគ្រួសារដែលត្រូវផ្គត់ផ្គង់ ថ្ងៃក្រោយនឹងមានកូនជាបន្ទុកបន្ថែមទៀត កូនច្រើន ក៏ត្រូវការលុយច្រើន ដូច្នេះ ត្រូវតែចេះរៀបចំទុកដាក់ លុយកាក់ សម្រាប់គ្រួសារថ្ងៃនេះ និងទៅថ្ងៃមុខដែរ មិនមែនរស់មួយថ្ងៃដើម្បីតែមួយថ្ងៃដូចមុនទេ។៦. ការខ្ជិលច្រអូស
ឈប់បានឈប់ទៅ រឿងខ្ជិលនេះ នាំតែភាពបរាជ័យឱ្យខ្លួនឯង និងគ្រួសារតែប៉ុណ្ណោះ។ ក្នុងគ្រួសារមួយ បើទោះជាមានម្ខាងណាខំប្រឹង និងឧស្សាហ៍ តែមានម្ខាងទៀតខ្ជិលច្រអូស គឺងាប់តែម្ខាងៗហ្នឹងឯង។ យើងមានប្ដី មានប្រពន្ធហើយ ការងារណាធ្វើបានក៏ធ្វើទៅ ជួយគ្នាបានក៏ជួយទៅ កុំខ្ជិលចាំតែប្រចាំគ្នា គ្រប់រឿង គ្រប់ការងារ គ្រួសារគ្មានសិរីសួស្ដីនោះទេ ដៃគូឧស្សាហ៍ព្យាយាមខំប្រឹងរៀងៗខ្លួន ទើបអាចរកបានទ្រព្យ បានចំណូលបន្ថែម៕
រូបតំណាង
ខ្មែរឡូត សូមរក្សាសិទ្ធិ
LikeComment
Comments