គេស្រឡាញ់យើងខ្លាំងណាស់ តែគេមិនអាចបំភ្លេចអ្នកចាស់ ឬបញ្ឈប់ការទាក់ទងជាមួយអ្នកថ្មី តើគួរធ្វើបែបណា?

ក្នុងទំនាក់ទំនងស្នេហា ជឿថា គ្មាននរណាម្នាក់ចង់ឱ្យកើតមានស្នេហាត្រីកោណនោះឡើយ ជាពិសេសសគឺ ស្រីៗ។ បើសួរថា តើគួរធ្វើបែបណា បើសង្សារ ឬដៃគូរបស់យើង គេស្រឡាញ់យើងខ្លាំងណាស់ ប៉ុន្តែ គេនៅតែនឹកដល់អ្នកចាស់ ឬក៏នៅតែលួចលាក់ទាក់ទង ញ៉ែអ្នកនេះ ញ៉ែអ្នកនោះនៅក្រោយខ្នងយើង តើយើងគួរបន្ត ឬក៏បញ្ឈប់ទំនាក់ទំនងជាមួយនឹងគេ? ចម្លើយ ប្រាកដណាស់ថា មិនអាចបន្តទំនាក់ទំនងបានទេ គឺមានតែបែកគ្នាតែប៉ុណ្ណោះ ទោះគេស្រឡាញ់យើងខ្លាំងប៉ុណ្ណា ឬទោះយើងមិនអាចខ្វះគេបានយ៉ាងណា ក៏មិនគួរបន្តទំនាក់ទំនងដែលបែងចែកចំណែកបែបហ្នឹងឡើយ ព្រោះវាជាទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នា។
រូបតំណាង
តែបើនិយាយថា គេស្មោះនឹងយើង គេត្រង់នឹងយើង បើទៅណាមកណា ឬសូម្បីតែគេនៅទាក់ទងអ្នកចាស់ ឬទៅទាក់ទងអ្នកនេះ ឬអ្នកនោះ ក៏គេប្រាប់យើងដែរ គ្មានអ្វីដែលគេលាក់បាំង ឬកុហកយើងឡើយ តើឱ្យបែកជាមួយគ្នាបានយ៉ាងម៉េច? តែសួរថា ចុះបើគេជាមនុស្សមិនចេះស្កប់ស្កល់បែបនេះ តើយើងរីករាយនឹងការបន្តជាមួយគេដែរឬទេ? បើគិតថា ការសាងទំនាក់ទំនងស្នេហាត្រីកោណនេះសប្បាយ ក៏បន្តចុះ ព្រោះវាជាអារម្មណ៍ និងតម្រូវការរបស់អ្នក។ ប៉ុន្តែសូមចងចាំផងថា គេអាចនៅនឹកអ្នកចាស់ ឬគេនៅទាក់ទងអ្នកនេះ ឬអ្នកនោះ ចំណុចនេះបញ្ជាក់ថា គេជាមនុស្សដែលមិនចេះស្កប់ស្កល់ ដូច្នេះហើយ តទៅថ្ងៃក្រោយ ក៏គេនៅតែបន្តនូវទង្វើបែបនេះ គឺមិនមែនបញ្ឈប់ត្រឹមអ្នកទី៣ ឬទី៤នេះទេ ហើយអ្នកខូចចិត្តគ្រាំទ្រូង គឺជាអ្នកខ្លួនឯងហ្នឹងហើយ។
រូបតំណាង
បើគេនៅតែមិនអាចបញ្ឈប់ចិត្តត្រឹមយើងបានទេ គួរតែបែកទៅ ទោះយើងនៅស្រឡាញ់គេខ្លាំង ក៏យើងត្រូវតែបង្ខំចិត្តបែកជាមួយគេឱ្យបានដែរ សុខចិត្តបែក តែឈឺចាប់រយៈពេលខ្លី វាប្រសើរជាងនៅតែបន្ត ឱ្យឈឺចាប់ពេញមួយជីវិត។ គ្មានស្នេហាត្រីកោណណា ដែលមានក្ដីសុខ និងសុភមង្គល មានភាពកក់ក្ដៅនោះឡើយ កុំធ្វើឱ្យខ្លួនឯង ក្លាយជាចំណែកនៃជនរងគ្រោះ ឬជាមនុស្សដែលចូលទៅរំខានជីវិតរបស់នរណាម្នាក់បន្តអី បើគេច្បាស់ថា មិនអាចបំភ្លេចអ្នកចាស់ ឬមិនអាចបញ្ឈប់ការខិលខូចបានទេ យើងក៏ត្រូវតែច្បាស់ក្នុងចិត្តខ្លួនឯងដែរថា យើងក៏មិនអាចបន្តទំនាក់ទំនងជាមួយគេបានដូចគ្នាដែរ៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ