មុននឹងចង់ផ្គាប់ចិត្តមិត្តភក្តិ ឬអ្នកខាងក្រៅ សូមប្ដីទាំងឡាយ នឹកគិតដល់ចិត្តប្រពន្ធកូន នៅក្នុងផ្ទះជាមុនផង

មនុស្សប្រុសភាគច្រើន ចេះតែគិត ខ្លាចចិត្តមិត្តភក្តិ និងអ្នកខាងក្រៅផ្ទះ ច្រើនជាងខ្លាចចិត្តប្រពន្ធ ចេះតែស្ដាប់សម្ដីគេ ជឿពាក្យគេ ច្រើនជាងជឿ និងស្ដាប់សម្ដីប្រពន្ធខ្លួនឯង ហេតុផលក៏ព្រោះតែគាត់គិតថា ប្រពន្ធក្នុងផ្ទះ ស្ថិតក្រោមបង្គាប់ និងការគ្រប់គ្រងរបស់ខ្លួន។ជាក់ស្ដែង ទង្វើមួយនេះវាជាកំហុសដ៏ធំបំផុតរបស់មនុស្សប្រុស ក៏ជាបញ្ហាចម្បង ដែលនាំឱ្យគ្រួសារបាត់បង់ក្ដីសុខ សុភមង្គល និងអាចឈានដល់ការបែកបាក់ផងក៏ថាបានដែរ។ ព្រោះតែការឱ្យតម្លៃអ្នកដទៃជាអ្នកនៅក្នុងផ្ទះ ព្រោះតែការដែលចង់ផ្គាប់តម្រូវចិត្តមិត្តភក្តិ និងអ្នកខាងក្រៅ តែមិនខ្វល់ពីចិត្តគំនិត និងអារម្មណ៍របស់ប្រពន្ធ នោះជីវិតគូ និងក្នុងគ្រួសារអ្នក ប្រាកដជាបាត់បង់ទំនុកចិត្ត និងការគោរពចំពោះគ្នា។
រូបតំណាង
សូមប្រុសៗទាំងឡាយគួរគិតសារឡើងវិញ មុននឹងចង់ផ្គាប់តម្រូវចិត្តមិត្តភក្តិ មុននឹងតាមចិត្តពួកម៉ាក ឬអ្នកខាងក្រៅ សូមអ្នកគិតផងថា អ្នកមានប្រពន្ធនៅផ្ទះ អ្នកមានគ្រួសារដែលត្រូវគិតគូរដល់ មិនមែននៅខ្លួនមួយ ចង់ធ្វើអ្វីតាមតែអំពើចិត្តនោះឡើយ។ ធ្វើអ្វីគួរតែគិតដល់អារម្មណ៍របស់ប្រពន្ធផង កុំព្រោះតែខ្លាចពួកម៉ាកឈប់រាប់អាន ខ្លាចអ្នកដទៃគេមិនរាប់រក សុខចិត្តបំពានចិត្តមនុស្សក្នុងផ្ទះ វាមិនមែនជារឿងដែលល្អនោះទេ។ ត្រូវចាំថា ពួកម៉ាកស្រឡាញ់យើងប៉ុនណា អ្នកក្រៅរួសរាយរាក់ទាក់ដាក់យើងយ៉ាងណា ក៏មិនប្រាកដថា គេស្មោះត្រង់ និងមានចិត្តល្អចំពោះយើងរហូតនោះឡើយ «គ្មានអ្នកណាល្អ ស្មោះចំពោះយើងខ្លាំងជាងប្រពន្ធកូន និងក្រុមគ្រួសារយើងនោះទេ » ត្រូវចាំមួយឃ្លានេះទុក ឈឺថ្កាត់ ក្រលំបាក គឺមានតែប្រពន្ធកូន អ្នកក្នុងផ្ទះយើងនេះហើយ ដែលព្រមនៅជាមួយយើងគ្រប់ពេល ព្រមប្រឈមមុខជាមួយយើងគ្រប់បញ្ហា មិនមែនពួកម៉ាក ឬអ្នកក្រៅនោះមកជួយ ឬរួមទុក្ខលំបាកជាមួយយើងឡើយ៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធ