បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង!

  • ព្រហស្បតិ៍ ១៤ ឧសភា, ២០២០ ១៣:១៥
ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព​បេះដូង​ គឺ​រឿងដែល​គួរ​ធ្វើ​សម្រាប់​មនុស្ស​យើង​​នៅ​គ្រប់វ័យទាំងអស់។ ទោះបីជា​នៅ​វ័យ​ពី ២០​ទៅ​៣០ឆ្នាំ ក៏ដោយ​ ក៏​យើងគួរ​ចាប់ផ្ដើម​យក​ចិត្ត​ទុកដាក់​ទៅលើ​សុខភាព​បេះដូង​ហើយ ប៉ុន្តែ​នៅ​ពេលយើងអាយុ​កាន់​តែ​ច្រើនគឺ​កាន់តែ​សំខាន់​ក្នុងការអនុវត្តវិធីដែល​អាចកាត់បន្ថយ​ហានិភ័យ និង​បន្ថយ​បញ្ហា​បេះដូង។

ការ​ថែទាំ​សុខភាព​បេះដូង​វ័យ​២០ និង​៣០​ឆ្នាំ

១. របប​អាហារ និង​រក្សាទម្ងន់ជំងឺធាត់​អាច​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​បេះដូងរបស់​យើង​បាន​។ ប្រសិន​ជា​យើង​លើស​ទម្ងន់​នៅ​វ័យ​២០ឆ្នាំ យក​ល្អ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សម្រក​ទម្ងន់ ព្រោះ​ការ​សម្រក​ទម្ងន់​អាច​នឹង​លំបាក​នៅ​ពេល​យើង​អាយុ​កាន់​តែ​ច្រើន។២. ពិនិត្យ​សុខភាព​ជា​ប្រចាំមិនមែន​មាន​តែមនុស្ស​ចាស់​ទេ​ដែល​ត្រូវ​ពិនិត្យសុខភាព​​ប្រចាំឆ្នាំនោះ មនុស្ស​វ័យ​ក្មេង​ក៏​គួរ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ដូច​គ្នា​ដែរ។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​ទឹកនោមផ្អែម​រាប់ឆ្នាំ​មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ។ កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​ខ្ពស់​ក៏​អាច​កើត​មាន​លើ​មនុស្ស​វ័យ​ក្មេង​ដោយ​អ្នកខ្លះ​មិន​ដឹង​ខ្លួន​ដែរ។ សម្ពាធឈាម​ខ្ពស់​គឺ​ឃាតករ​លាក់​មុខ​ព្រោះ​អ្នក​ជំងឺមិន​អាច​មាន​អារម្មណ៍​ដឹង​បាន​នោះ​ទេ ហើយ​សម្ពាធឈាមខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​គ្រោះ​ថ្នាក់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផង​ដែរ។ រីឯ​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ជា​ញឹកញាប់​អាច​ជា​ជំងឺ​តពូជ ដូចនេះ​ការ​ត្រួតពិនិត្យ​កម្រិត​កូលេស្តេរ៉ូល​ក៏​ជា​ការ​សំខាន់ផង​ដែរ។៣. កុំ​ជក់​បារី​ការជក់បារី​គឺ​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​រាងកាយ​យើងទេ ផ្ទុយទៅវិញ ការជក់​បារី​អាច​ធ្វើ​ឲ្យ​មាន​ដុំ​កំណក​ឈាម​នៅ​សរសៃ​អាកទែរ​កើន​ឡើង និង​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល។ ដូចនេះ​គ្នា​យើង​ណា​ជក់​បារី​យក​ល្អ​គួរ​ពិចារណាផ្ដាច់បារី។៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ការ​គេង​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់ ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​តែង​មើល​រំលង។ ប្រសិន​ជា​យើង​គេងមិន​បាន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​បញ្ហា​ទាក់ទង​នឹង​អាការៈ​ថប់បារម្ភ និង​ស្ត្រេស​ជាដើម។

ការ​ថែទាំ​សុខភាព​បេះដូង​នៅ​វ័យ​៤០​ និង​៥០ឆ្នាំ

១. រក្សា​របប​អាហារ​ដែល​ល្អនៅ​ពេល​អាយុ​យើងកាន់តែ​ច្រើន ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​កាន់តែ​សំខាន់​សម្រាប់​សុខភាព។ យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ហើយ​កាត់បន្ថយ​ការញ៉ាំ​ពពួក​សាច់​ក្រហម អាហារ​កែច្នៃ ជាតិស្ករ និង​គ្រឿងស្រវឹង។​២. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​កាន់តែ​មាន​ភាព​លំបាក​នៅ​ពេលយើង​ឈាន​ទៅ​រក​វ័យ​កណ្ដាល។ ដូចនេះ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​មួយ​កាត់បន្ថយ​ស្ត្រេស។៣. តាមដាន​សុខភាព​ជា​ប្រចាំការ​តាមដាន​សុខភាព​ជា​ប្រចាំ​អាច​ជួយយើង​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​បាន។៤. ធ្វើ​លំហាត់ប្រាណនៅ​ពេល​ចាស់​ទៅ រាងកាយ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​បេះដូង ប៉ុន្តែ​ការ​ហាត់​ប្រាណ​អាច​ជួយ​បាន។ ការ​ហាត់ប្រាណ​បែប​ Aerobic Exercise (ដើរ រត់ រាំ ហែលទឹក ជិះកង់) អាច​ជួយ​ដល់​សុខភាព​បេះដូង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ រីឯ​ការ​ហាត់ប្រាណ​លើក​សាច់ដុំ​អាច​បន្ថយ​ភាព​ចាស់​របស់​ឆ្អឹង។ បន្ថែម​ពី​នេះ​គួរ​ហាត់​យ៉ូហ្គា​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​រង​របួស។

ការ​ថែទាំ​សុខភាព​បេះដូង​ចាប់​ពី​វ័យ​៦០ឆ្នាំ​ឡើង​ទៅ

១. ធ្វើ​លំហាត់ប្រាណនៅ​ពេល​វ័យ​កាន់​តែ​ច្រើន​ទៅយើងងាយ​នឹង​ដួល និង​រង​របួស។ ដូចនេះ​នៅ​ពេល​ហាត់ប្រាណ​គួរ​កុំ​ធ្វើ​អ្វី​ដែល​ហួស​កម្លាំង។ យក​ល្អ​គួរ​បន្ត​ធ្វើ​លំហាត់​ប្រាណ (ការ​ដើរ ជិះកង់ ការ​រត់) ដើម្បី​ជួយ​ដល់​បេះដូង និង​ការ​ហាត់ប្រាណ​លើក​សាច់ដុំ​ដែល​ជួយ​ដល់​ឆ្អឹង រួមទាំង​ហាត់​យ៉ូហ្គា​ដើម្បី​ការពារ​ការ​រង​របួស។២. សម្រាក​ឲ្យ​បាន​ច្រើនការ​សម្រាក​បាន​តិច​គឺ​មាន​ប៉ះពាល់​ខ្លាំង​ដល់​មនុស្ស​វ័យ​ចំណាស់។ ដូចនេះ​ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​នៅ​ពេល​យប់​យើងគួរ​បិទ​គ្រឿង​អេឡិចត្រូនិច​៣០​នាទី​ទៅ​មួយ​ម៉ោង​មុន​ចូល​គេង​ និង​គេង​នៅ​បន្ទប់​ដែល​ងងឹត និង​ចៀសវាង​គ្រឿង​ស្រវឹង​មុន​ចូល​គេង។៣. រក្សា​ទំនាក់ទំនងការ​រក្សា​ទំនាក់ទំនង​គឺ​សំខាន់​នៅ​ពេល​​វ័យយើង​កាន់តែ​ច្រើន។ ដូចនេះ​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​មិត្ត​ភកិ្ត ឬ​អ្នក​ជិតខាង​ឲ្យ​បាន​ច្រើន។គួរ​ចងចាំ​ដែរ​ថា​មិន​ថា​យើង​ស្ថិត​ក្នុង​វ័យណា​ទេ សុទ្ធ​តែ​ជា​ពេល​ល្អ​ក្នុង​ការ​ថែទាំ​សុខភាព​បេះដូង​របស់យើង​ដោយ​អាច​បន្ថយ​ហានិភ័យ ប៉ុន្តែ​យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការពិនិត្យ និង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​សុខភាព​បេះដូង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet