បុរសទេសចរម្នាក់នេះ ធ្លាក់ទូរសព្ទដៃចូលក្នុងទន្លេកាលពី៨ខែមុន ឥឡូវរកឃើញវិញ ហើយនៅតែអាចប្រើការបានដូចធម្មតា

  • អាទិត្យ ១៧ ឧសភា, ២០២០ ១៤:០០
ចិន៖ បុរសជាអ្នកទេសចរម្នាក់ មាននាមត្រកូលថា ចូវ មិនបានប្រយ័ត្ន ក៏ធ្វើឲ្យធ្លាក់ទូរសព្ទដៃរបស់គាត់ចូលក្នុងទន្លេវូ នៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៩។យ៉ាងណាមិញ កាលពីដើមសប្ដាហ៍ខែឧសភាកន្លងទៅថ្មីៗនេះ លោក ចូវ បានទទួលដំណឹងពីអ្នកនេសាទម្នាក់ ដោយអះអាងថា បានប្រទះឃើញទូរសព្ទដៃរបស់គាត់នៅក្នុងទឹក ដែលមាននាមប័ណ្ណអាជីវកម្មនៅផ្នែកខាងក្រោយនៃស្រោមទូរសព្ទដៃ។លោក ចូវ បានប្រាប់ប្រភពសារព័ត៌មាន Pear ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ គាត់បានដាក់ទូរសព្ទដៃចូលទៅក្នុងថង់ផ្លាស្ទិកមួយ ដែលមានសន្ទះបិទជិតយ៉ាងត្រឹមត្រូវ។ ខណៈពេលកំពុងជិះទូកចាប់ត្រីជាមួយនឹងមិត្តភក្ដិ គាត់មិនបានចាប់អារម្មណ៍ឡើយថាទូរសព្ទដៃធ្លាក់ចូលទៅក្នុងទន្លេ ហើយលុះមកដល់ច្រាំងទន្លេវិញ ទើបគាត់ដឹង។យ៉ាងណាមិញ ទូរសព្ទដៃនោះ ក៏ត្រូវបានប្រគល់ជូនទៅកាន់លោក ចូវវិញ តាម​រយៈ​សេវាកម្មដឹកជញ្ជូន។ ហើយលោក ចូវនឹងធ្វើដំណើរទៅកាន់ទន្លេវូម្ដងទៀតនៅឆ្នាំនេះ ដើម្បីអញ្ជើញអ្នកនេសាទរូបនោះ ទទួលទានស្រានិងអាហារជុំគ្នាទុកជាការអរគុណផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
រូបភាពរបស់លោក ចូវ ថតក្នុងទូរសព្ទដៃដែលធ្លាក់ចូលទន្លេ
ទូរសព្ទដៃដែលទទួលបានមកវិញ
ទិដ្ឋភាពនៃទន្លេវូ
ទិដ្ឋភាពនៃទន្លេវូ