ញាក់សាច់! អង្គការណាសាត្រៀមបញ្ជូនយានអវកាស ឲ្យហោះបំបុកអាចម៍ផ្កាយមួយ នៅឆ្នាំ២០២២ ដើម្បីទប់ស្កាត់វិនាសកម្មដល់ផែនដី

បរទេស៖ យានអវកាសរបស់អង្គការណាសា ដែលនឹងបង្ហោះសម្រាប់ជាផ្នែកមួយនៃបេសកកម្ម Double Asteroid Redirection Test (DART) គ្រោងនឹងបុកដុំថ្មអវកាសមួយ ដែលមានកំលាំងថាមពល ប្រហែលស្មើនឹងកំលាំង TNT ៣តោន នៅក្នុងខែកញ្ញា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times បានឲ្យដឹងថា យានអវកាស DART ទម្ងន់ជិត៥០០គីឡូក្រាម ដែលត្រូវបានគេរំពឹងថា នឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២១ នឹងតម្រង់គោលដៅទៅកាន់អាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយភ្លោះ ដែលធ្វើដំណើរជុំវិញព្រះអាទិត្យ។ ផែនការរបស់យាន DART គឺទៅបំបុកអាចម៍ផ្កាយរណប Didymoon ដែលជាអាចម៍ផ្កាយតូចជាងគេនិងធ្វើដំណើរជុំវិញអាចម៍ផ្កាយធំរបស់វា។
យាន DART នឹងហោះបំបុកអាចម៍ផ្កាយរណប Didymoon
គោលបំណងនៃបេសកកម្មគឺ ដើម្បីកំណត់ថា តើមនុស្សជាតិអាចបង្វែរអាចម៍ផ្កាយឲ្យចូល​ ទៅក្នុងគន្លងផ្សេងទៀត ដែលរារាំងពួកវាកុំឲ្យមកបុកផែនដីរបស់យើង។ DART គឺជាការធ្វើតេស្ដការការពារភពផែនដីនៃបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ផលប៉ះពាល់មកលើផែនដី ដោយអាចម៍ផ្កាយដែលមានគ្រោះថ្នាក់។ អង្គការណាសាពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា DART នឹងក្លាយជាការបង្ហាញដំបូងគេនៃបច្ចេកទេស ដើម្បីផ្លាស់ប្ដូរចលនារ​បស់អាចម៍ផ្កាយនៅក្នុងលំហ។ យានអវកាស DART នឹងបុកខ្លួនវាទៅនឹងកូនអាចម៍ផ្កាយ ក្នុងល្បឿន៦.៦គីឡូម៉ែត្រក្នុងមួយវិនាទី ដោយមានជំនួយពីកាំមេរ៉ាបំពាក់លើយាន (មានឈ្មោះថា DRACO) ជាមួយនឹងកម្មវិធីរុករកស្វយ័តទំនើប។
លក្ខណៈយានអវកាសDART
ការប៉ះទង្គិចនេះនឹងផ្លាស់ប្ដូរល្បឿនអាចម៍ផ្កាយ និងគន្លងរបស់វា ហើយមិនតែប៉ុណ្ណោះនឹងមានការតាមដានបន្ថែម ដោយតេឡេទស្សន៍នៅលើផែនដី។ ផលប៉ះពាល់នៃការបុកទង្គិចអាចម៍ផ្កាយ Didymoon នឹងបង្កើតបានជាបាតុភូតភ្លៀងទេពច្យុត ដែលជាសកម្មភាពដំបូងរបស់មនុស្ស៕