តើអាចផឹកទឹកពេលកំពុងញ៉ាំអាហារបាន ឬអត់?

គ្នាយើង​ប្រ​ហែលជា​ធ្លាប់​បាន​ឮ​ រឿង​ហាម​ផឹកទឹកពេលកំពុងញ៉ាំអាហារហើយ​មើល៍ទៅ។​ ​អ្នក​ជំនាញ​ខ្លះបាន​ពន្យល់​ថា​ទឹក​អាច​ពង្រាវ​អាស៊ីត​ក្នុង​ក្រពះ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​គិត​ថា​ការ​ធ្វើ​បែប​នេះនឹង​​ធ្វើ​ឲ្យ​យើងធាត់។ មនុស្ស​មួយ​ចំនួន​ទៀត​ក៏​គិត​ថា​ទឹក​អាច​រុញ​អាហារ​មិន​ទាន់​រំលាយ​ចេញ​ពី​ក្រពះបាន​ផង​ដែរ​។​ តោះស្វែង​យល់ទាំងអស់​គ្នា។​

ដំណើរការនៃការរំលាយអាហារ

ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ចាប់ផ្តើម​តាំង​ពី​យើង​គិត​ពី​អាហារ​ដែល​ត្រូវ​ញ៉ាំ​ ហើយ​ទឹក​មាត់​ក៏ចាប់ផ្ដើមផលិត​នៅ​ក្នុង​មាត់។ នៅពេល​ដែល​យើង​ទំពារ​អាហារ​ អាហារ​នឹង​លាយ​ជាមួយ​ទឹកមាត់​ដែល​មាន​អង់ស៊ីម​ចាំបាច់​សម្រាប់​ការ​រំលាយ​អាហារ។ បន្ទាប់ពី​នោះ​ អាហារ​ដែល​បន្ទន់​រួច​នឹង​ចូល​ក្នុង​ក្រពះ និង​លាយ​ជាមួយ​នឹង​អាស៊ីត​ក្រពះ។ ជា​មធ្យម ក្រពះ​ត្រូវការ​រយៈពេល​៤​ម៉ោង​ដើម្បី​ធ្វើ​ការ​រំលាយ​អាហារ​មុន​នឹង​បំលែង​ទៅ​ជា​សារធាតុរាវ ឬអាស៊ីត (chyme) ​ដែល​អាស៊ីតនេះ​នឹង​បន្ត​ទៅ​ពោះវៀន​តូច និង​ផ្តល់​សារធាតុចិញ្ចឹម​ទាំងអស់​ទៅ​ឲ្យ​រាងកាយ។ចំណែកឯ​ទឹក​មិនស្តុក​នៅ​ក្នុង​ក្រពះ​យូរ​ទេ។ ក្រពះ​ត្រូវ​ការ​រយៈពេល​តែ​១០​នាទី​ប៉ុណ្ណោះ​ដើម្បី​បញ្ជូន​ទឹក ២៩៥​មីល្លិលីត្រ។ ដូចនេះ​បើយើងផឹក​ទឹក​អំឡុងពេល​ញ៉ាំ​អាហារ ទឹក​មិន​ស្តុក​ក្នុង​ក្រពះ​ទេ គឺទឹក​នឹង​ហូរ​កាត់​អាហារ​ទាំង​នោះ​ ​ផ្តល់​សំណើម​ដល់​អាហារ​ទាំង​នោះ ហើយ​ចេញ​ពី​ក្រពះ​យ៉ាង​ឆាប់​រហ័ស។

សារធាតុ​រាវ​មិន​កាត់បន្ថយ​ភាព​ខ្លាំង​របស់​អាស៊ីត​ទេ

រាងកាយ​យើង​ជា​ប្រព័ន្ធ​ដែលមាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​មាន​មុខងារ​ច្បាស់លាស់។ ប្រសិន​ជា​ក្រពះ​មិន​អាច​រំលាយ​អាហារ​ណា​មួយ ក្រពះ​នឹង​ផលិត​អង់ស៊ីម​បន្ថែម និង​បង្កើន​ជាតិ​អាស៊ីត​ឲ្យ​សារធាតុ​រាវ​នៅ​ខាង​ក្នុង​នោះ។ ទោះបី​យើង​ផឹក​ទឹក​ច្រើន​រហូត​ដល់​មួយ​លីត្រ​កន្លះ​ក៏​ដោយ ទឹកក៏​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​កម្រិត​អាស៊ីត​ដែរ។ ដោយ​ឡែក យើងមានញ៉ាំអាហារ​ដែល​មាន​ជាតិ​ទឹក​ដែរ​ដូចជា​ផ្លែក្រូចជាដើម ដែល​ផ្លែ​ក្រូច​មួយ​ផ្លែ​មាន​ជាតិ​ទឹក ៨៦%។ការសិក្សា​ជា​ច្រើនបាន​​បង្ហាញ​ថា​អាហារ​មួយ​ចំនួន​អាច​នឹង​បន្ថយ​កម្រិត​ជាតិអាស៊ីត​នៅ​ក្នុង​ក្រពះ ប៉ុន្តែ​កម្រិតជាតិអាស៊ីត​នឹង​ត្រលប់​មក​សភាព​ដើម​វិញ​យ៉ាង​ឆាប់​រហ័ស។

សារធាតុ​រាវ​មិន​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ទេ

មិន​មាន​ការ​សិក្សា​ណា​មួយ​អាច​បញ្ជាក់​ថា​សារធាតុ​រាវ​រុញ​អាហារ​រឹង​ទៅ​ក្នុង​ពោះវៀនតូច​មុន​ពេល​ត្រូវ​បាន​រំលាយ​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា​សារធាតុ​រាវ​ចេញ​ពី​រាងកាយ​លឿន​ជាង​អាហារ​រឹង​ ប៉ុន្តែសារធាតុ​រាវ​មិន​បានរំខាន​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ទេ។​

តើ​អាច​ផឹក​ទឹក​ពេល​កំពុង​ញ៉ាំ​អាហារ​បាន​ដែរ​ ឬ​ទេ?

ការ​ផឹក​ទឹក​អំឡុងពេល​ញ៉ាំ​អាហារ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ។ ផ្ទុយមកវិញ ទឹក​ជួយ​បន្ទន់​អាហារ​ដែល​រឹង។ ប៉ុន្តែ​យក​ល្អ​កុំ​ផឹក​ទឹក​មុន​នឹង​លេប​អាហារ ព្រោះ​អាហារ​ត្រូវ​ការ​ទឹកមាត់​ដែល​មាន​ផ្ទុក​អង់ស៊ីម​ចាំបាច់​ក្នុង​ការ​រំលាយ​អាហារ។ ម៉្យាងទៀត ការសិក្សា​បង្ហាញ​ថា​នៅ​ពេល​យើង​ផ្អាក​ការ​ញ៉ាំ​ដើម្បី​ផឹក​ទឹក​នោះ​អាច​ពន្យឺត​ការ​ញ៉ាំ​អាហារ​ និង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិច​ជាង​មុនដែល​នេះ​ជា​ការណ៍ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ និង​បង្ការ​កុំឲ្យញ៉ាំអាហារលើសកំណត់។បើយើង​ទម្លាប់​នឹង​ការ​ផឹកទឹក​តែ​ពេល​ញ៉ាំ​អាហារ​ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​គឺ​មិន​មាន​ភាព​ខុសគ្នា​ក្រោយពេលផឹក​តែ ឬ​ផឹក​ទឹក​ធម្មតា​ទេ។ សីតុណ្ហភាព​ទឹក​ដែល​យើង​ផឹក​ក៏​មិន​មាន​ឥទ្ធិពល​លើ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ ឬ​បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ទទួល​ទេ ព្រោះក្រពះ​អាច​បន្ថែម​កម្តៅ ឬ​បញ្ចុះ​កម្ដៅ​ឲ្យ​អាហារ​ក្នុង​កម្រិត​ចាំបាច់។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ត្រឹម៦៥អង្សាសេ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet