បើចង់ចូលរួមជាមួយអង្គការណាសា ក្នុងបេសកកម្មបញ្ជូនមនុស្សទៅឋានព្រះចន្ទ នៅឆ្នាំ២០២៤ គឺត្រូវគោរពតាមគោលការណ៍ណែនាំទាំងនេះសិន

អាមេរិក៖ អង្គការណាសាដឹងថា ខ្លួននឹងត្រូវធ្វើការជាមួយទីភ្នាក់ងារអវកាសបរទេសនិងក្រុមហ៊ុនឯកជន ដើម្បីសម្រេចបេសកកម្ម បញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី។ ហើយគោលការណ៍ណែនាំ ដែលមានឈ្មោះថា “Artemis Accords” នឹងត្រូវធ្វើឡើងសម្រាប់អង្គការនានា ដែលចង់ចូលរួមជាមួយកម្មវិធី Artemis ដែលមានគោលបំណង ក្នុងការបញ្ជូនស្ត្រីដំបូងគេ និងការវិលត្រឡប់ទៅឋានព្រះចន្ទរបស់មនុស្សជាថ្មី នៅឆ្នាំ២០២៤។ ទីភ្នាក់ងារអវកាសមួយនេះបានចែករំលែកគ្រោងនៃកិច្ចព្រមព្រៀង នៅលើគេហទំព័ររបស់ខ្លួន ដោយចាប់ផ្ដើមពីតម្រូវការ សម្រាប់អ្នកចង់ចូលរួម ដើម្បីធ្វើសកម្មភាពរួមគ្នា។ ដៃគូនៃកម្មវិធី Artemis ត្រូវមានតម្លាភាពជាមួយនឹងគោលការណ៍របស់ពួកគេ ត្រូវប្រើប្រាស់ស្ដង់ដារអន្តរជាតិបើកចំហរ ឬអភិវឌ្ឍគោលការណ៍ថ្មី ដើម្បីជាប្រយោជន៍នៃអន្តរប្រតិបត្តិការ និងត្រូវរៀបចំផែនការ ដើម្បីកាត់បន្ថយបំណែករ៉ុក្កែត ដែលនឹងធ្លាក់នៅពេលបាញ់បង្ហោះ។
រូបតំណាង
ប្រទេសជាដៃគូក៏ត្រូវប្ដេជ្ញា ផ្ដល់ជំនួយដល់អវកាសយានិក ដែលកំពុងមានទុក្ខព្រួយ និងបញ្ចេញទិន្នន័យវិទ្យាសាស្ត្រ ដែលក្រុមការងារប្រមូលបាន ដល់សាធារណជន។ ពួកគេត្រូវសន្យាថា នឹងប្រមូលធនធានពីព្រះចន្ទ ភពអង្គារ និងអាចម៍ផ្កាយ ក្រោមជំនួយពីសន្ធិសញ្ញាអវកាស។ សន្ធិសញ្ញានេះសង្កត់ធ្ងន់ទៅលើមាត្រាមួយចំនួន ក្នុងនោះមានមាត្រាមួយចែងថា ព្រះចន្ទនិងទីអវកាសផ្សេងទៀត មិនស្ថិតនៅក្រោមការគៃបន្លំ ដោយការទាមទារអធិបតេយ្យភាព និងការប្រើប្រាស់ឬកាន់កាប់ដោយមធ្យោបាយណាមួយឡើយ៕