អាចម៍​ផ្កាយ​យក្សមួយ នឹងហោះមកកៀកផែនដី នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ

បរទេស៖ មជ្ឈមណ្ឌលសិក្សាវត្ថុនៅជិត​ផែនដី (CNEOS) របស់អង្គការណាសា ​បានរាយការណ៍ថា អាចម៍​ផ្កាយ​ដ៏ធំមួយ ដែលមានទទឹងប្រហែល​ ៦៧០ម៉ែត្រ និងបណ្ដោយប្រហែល ១.៥គីឡូម៉ែត្រ នឹងហោះចូល​មក​គន្លងផែនដី នៅថ្ងៃទី ២១ ខែឧសភា​ ខាងមុខនេះ ប៉ុន្តែវានឹងមិន​មានការប៉ះទង្គិច​ជាមួយផែនដី​នោះទេ។
វាអាច​បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ផែនដីយើង ប្រសិនបើវាហោះមកបុកផែនដី
អាចម៍ផ្កាយ​យក្សនោះមានឈ្មោះថា 136796 (1997 BQ) ​ដែលត្រូវបានគេប្រទះឃើញជាលើកដំបូង កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ១៩៩៧ ។ ហើយវាត្រូវបានគេរំពឹងថា នឹង​ហោះ​មកជិតផែនដីនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែឧសភា វេលាម៉ោង ៩ៈ៤៥ នាទី​យប់ ​(ម៉ោង​សហរដ្ឋអាមេរិក) ឬ ត្រូវនឹងថ្ងៃសុក្រទី ២២ ខែឧសភា ម៉ោង ០២ៈ៤៥ នាទីព្រឹក (ម៉ោងអង់គ្លេស)។
អាចម៍ផ្កាយ​យក្ស ​ 136796 (1997 BQ)
​អាចម៍ផ្កាយ​យក្ស 136796 (1997 BQ) នឹងធ្វើដំណើរក្នុង​ល្បឿន ១១,៦៨ គីឡូម៉ែត្រក្នុងមួយវិនាទី ឬ ២៦,១២៧ ម៉ាយក្នុងមួយម៉ោង។ ​ទោះបីជាយ៉ាងណាក៏ដោយ អង្គការណាសា បានព្រមានថា អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតរហូតដល់ ១ គីឡូម៉ែត្រ អាច​បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ផែនដីយើង ដោយ​សារវាអាច​​បង្កើតឱ្យមាន​គ្រោះរញ្ជួយដី រលកស៊ូណាមិ និងផលប៉ះពាល់​​ជាច្រើនទៀត៕
​អាចម៍ផ្កាយ​យក្ស 136796 (1997 BQ) នឹងធ្វើដំណើរក្នុង​ល្បឿន ១១,៦៨ គីឡូម៉ែត្រក្នុងមួយវិនាទី
គួរឱ្យដឹងដែរថា ក្រុមអ្នកជំនាញជាច្រើនបានជឿជាក់ថា សត្វដាយណូស័រ និងសត្វ​ជាច្រើនប្រភេទទៀត បានងាប់ផុតពូជ ​បន្ទាប់ពី​អាចម៍ផ្កាយ​យក្ស ដែលមានអង្កត់ផ្ចិតរហូតដល់ទៅ ១០ គីឡូម៉ែត្រ បាន​ធ្លាក់មក​លើឧបទ្វីប Yucatan កាលពី ៦៥ លានឆ្នាំមុន៕