ខណៈប្រទេសនិងតំបន់មួយចំនួនបានបិទ ការបំភាយកាបូនមានការធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេល១៥ឆ្នាំនេះ

បរទេស៖ ការសិក្សាអន្តរជាតិអំពីការបញ្ចេញកាបូននៅលើពិភពលោកបានរកឃើញថា ការបំភាយប្រចាំថ្ងៃបានធ្លាក់ចុះ១៧ភាគរយ នៅចន្លោះខែមករានិងដើមខែមេសា បើប្រៀបធៀបនឹងកម្រិតមធ្យមនៅឆ្នាំ២០១៩ ហើយអាចធ្លាក់ចុះគ្រប់ទីកន្លែងចន្លោះពី៤.៤ភាគរយទៅ៨ភាគរយ នៅដំណាច់ឆ្នាំ។ ការបំភាយកម្រិតទាបដូច្នេះ មិនធ្លាប់មានទេ តាំងពីឆ្នាំ២០០៦មក។ ការសិក្សាបានផ្ដោតទៅលើប្រទេសចំនួន៦៩ រដ្ឋអាមេរិកទាំង៥០ និងខេត្តចំនួន៣០របស់ប្រទេសចិន ដែលមានចំនួន៨៥ភាគរយនៃចំនួនប្រជាជនពិភពលោក និង៩៧ភាគរយនៃការបំភាយកាបូនឌីអុកស៊ីត។
ដោយសារជំងឺកូវីដ-១៩ សកម្មភាពរបស់មនុស្សបានផ្អាក ទើបការបញ្ចេញកាបូនមានការធ្លាក់ចុះ
យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា នៅដំណាច់ខែមេសា ការបំភាយកាបូនត្រូវបានគេប៉ាន់ស្មានថា បានធ្លាក់ចុះចំនួន១,០៤៨តោន។ ការធ្លាក់ចុះនេះគឺធំជាងគេនៅប្រទេសចិន ដែលជាកន្លែងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការបំភាយបានធ្លាក់ចុះ២៦៦តោន។ នៅសហរដ្ឋអាមេរិក ការបំភាយកាបូនបានថយចុះចំនួន២២៨តោន។ ប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាប្រទេស ដែលបញ្ចេញកាបូនច្រើនជាងគេបំផុត នៅលើពិភពលោក។
ការបំភាយកាបូនប្រចាំថ្ងៃបានធ្លាក់ចុះ១៧ភាគរយ នៅចន្លោះខែមករានិងដើមខែមេសា
អ្នកស្រាវជ្រាវបានព្យាករណ៍ថា នៅដំណាច់ឆ្នាំនេះ ការបំភាយឧស្ម័ននឹងធ្លាក់ចុះ នៅកន្លែងមួយចំនួន ចន្លោះពី៤.៤ភាគរយទៅ៨ភាគរយ។ វាជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ប៉ុន្ដែវាជាលទ្ធផលនៃការផ្លាស់ប្ដូរដោយបង្ខំ មិនមែនជាការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ខ និងថាមពលសកលឡើងវិញឡើយ។ យោងតាមគម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសីតុណ្ហភាពពិភពលោក កុំឲ្យកើនលើស១.៥អង្សាសេ យើងត្រូវកាត់បន្ថយការបំភាយ៧.៦ភាគរយជារៀងរាល់ឆ្នាំ នៅចន្លោះពេលនេះនិងឆ្នាំ២០៣០៕