មុន La Liga វិលមកវិញនៅពាក់កណ្តាលខែក្រោយ អ្នកចាំទីរបស់ក្លឹប Real Madrid បាននិយាយថា..

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៨:២៤
អ្នកចាំទី Thibaut Courtois របស់ក្លឹប Real Madrid កំពុងតែព្យាយាមជួយដឹកនាំក្រុមរបស់គាត់ក្នុងការឈ្នះពានរង្វាន់លីគនៅពេលរដូវកាលនេះចាប់ផ្តើមឡើងវិញ។ ក្របខ័ណ្ឌ La Liga ត្រូវបានផ្អាកកាលពីខែមីនា ដោយសារវីរុស Covid-19 ដោយក្រុម Barcelona បាននាំមុខពីរពិន្ទុលើ Real Madrid នៅពេលដែលរដូវកាលត្រូវបានផ្អាក។
អ្នកចាំទីThibaut Courtois
ថ្មីៗនេះក្លឹបនៅអេស្ប៉ាញត្រូវបានអនុញ្ញាតិឱ្យត្រលប់មកហ្វឹកហាត់វិញ ដោយចែកជាក្រុមតូចៗ ដើម្បីហ្វឹកហាត់កាយសម្បទាឱ្យរឹងមាំឡើងវិញ។ ជាមួយនឹងការរំពឹងថា នឹងបន្តរដូវកាលវិញនៅពាក់កណ្តាលខែមិថុនា Courtois បាននិយាយថា លោកពិតជាចង់ឈ្នះ La Liga ខណៈលោកសង្ឃឹម ថា Real Madrid អាចតាមទាន់ Barcelona។
អ្នកចាំ Thibaut Courtois
គាត់បានប្រាប់ Real Madrid TV​ កាលពីថ្ងៃអង្គារនេះថា "អ្នករាល់គ្នាពិតជាទន្ទឹងរង់ចាំការចាប់ផ្តើមឡើងវិញនៃក្របខ័ណ្ឌ La Liga ហើយចង់ឃើញក្រុមប្រយុទ្ធដើម្បីយកជ័យជម្នះជាក់ជាមិនខាន”។ Courtois បានបន្ថែមថា គាត់មានសេចក្តីរីករាយណាស់ ដែលបានវិលត្រឡប់មកហ្វឹកហាត់វិញ ដោយស្វាគមន៍ជានិច្ចរាល់ការស៊ុតគ្រាប់បាល់ពីមិត្តរួមក្រុមម្តងទៀត ក្នុងអំឡុងពេលហ្វឹកហាត់។ “ យើងមិនអាចរង់ចាំត្រឡប់មកហ្វឹកហាត់វិញរហូតទាល់តែរយៈពេល ២ ខែនោះទេ។ ទោះជាអាចនឹងមានភាពខុសគ្នាបន្តិចមែន តែវាគឺល្អណាស់ក្នុងការត្រលប់មកជួបជុំក្រុមវិញដើម្បីធ្វើការហ្វឹកហាត់។
"ការហ្វឹកហាត់នៅផ្ទះគឺខុសគ្នា ប៉ុន្តែខ្ញុំគិតថាកីឡាករគ្រប់គ្នាធ្វើបានល្អនូវអ្វីដែលគ្រូបង្វឹកបានប្រាប់ ហើយអ្នករាល់គ្នារក្សានូវភាពរឹងមាំបាន"។ លោកបានបន្ថែមទៀតថា“ អ្នកចាំទីនៅទីនេះពិតជាមានសំណាងណាស់ ពីព្រោះយើងត្រូវបានអនុញ្ញាតឱ្យធ្វើការហ្វឹកហាត់ជាមួយគ្រូបង្វឹករបស់យើងកាលពីសប្តាហ៍មុន។ នៅសប្តាហ៍នេះ ដោយមានការអនុញ្ញាតិឱ្យលេងជាក្រុមតូចៗ ដូចនេះមិត្តរួមក្រុមក៏អាចស៊ុតគ្រាប់បាល់បានដែរ។ យ៉ាងហោចណាស់យើងមានអារម្មណ៍ថា វាជាការប្រកួតពិតប្រាកដមួយ៕