គ្នាយើងគួរដឹង វិធីទាំងនេះអាចជួយបំបាត់អាការៈចង្អោរបាន!

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៨:២៤
អាការៈ​ចង្អោរ​អាច​កើត​ដោយសារ​វីរុស ប្រព័ន្ធ​រំលាយ​អាហារ ការ​មាន​ផ្ទៃពោះ ឬ​អាច​មក​ពី​ក្លិន​មិន​ល្អ​ជាដើម។​ ពេល​ខ្លះ​មូលហេតុ​បង្ក​អាការៈ​នេះ​គឺ​មិន​ច្បាស់​ទេ ប៉ុន្តែ​យើង​អាចមាន​វិធី​បន្ថយ​អាការៈ​នេះបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​របៀប​បំបាត់​អាការៈ​ចង្អោរមួយ​ចំនួន​ដល់​គ្នា​យើង​។

១. ងើប​អង្គុយ

នៅ​ពេល​យើងមាន​អាការៈ​ចង្អោរ យក​ល្អ​គួរងើបអង្គុយ ហើយ​កុំ​គេង​ព្រោះពេល​គេង​អាច​ធ្វើ​ឲ្យ​អាស៊ីត​ក្នុង​ក្រពះ​ច្រាល​ឡើង និង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​ខ្លាំង។ 

២. បើក​បង្អួច ឬ​អង្គុយ​មុខ​កង្ហារ

ខ្យល់​អាកាស​បរិសុទ្ធ​អាច​ជួយ​បន្ថយ​អាការៈ​ចង្អោរ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទោះបី​ជា​អ្នកទាំង​នោះ​​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​នាំឲ្យចង់ចង្អោរក៏​ដោយ។ ប៉ុន្តែ​ដូចជាគ្នាយើងដែល​ពុល​ឡាន​ភាគច្រើន​តែង​បើក​កញ្ចក់​រថយន្ត​ដើម្បី​បន្ថយ​អាការៈ​នេះ។ ខ្យល់​អាកាស​អាច​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ ឬ​ជួយ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​។ ដូចនេះ​យើង​អាច​អង្គុយ​មុខ​កង្ហារ ឬ​បើក​បង្អួច​នៅ​ពេល​មាន​រោគសញ្ញា​ដំបូង​នៃ​អាការៈ​ចង្អោរ។

៣. ស្អំ​ទឹកកក

ការ​ស្អំទឹកកក​នៅ​​ក​ផ្នែក​ខាង​ក្រោយ​អាច​ជួយ​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​មាន​ភាព​ធូរស្រាល។ នៅ​ពេល​យើង​មាន​អាការៈ​ចង្អោរ​ សីតុណ្ហភាព​ក្នុង​រាងកាយ​ក៏​កើន​ឡើង​ដែរ ហើយ​ការ​ស្អំ​ទឹកកក​នៅ​នឹង​ផ្នែក​ខាង​ក្រោយ​ ​ក ​រយៈពេល​ច្រើន​នាទី​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​ក្នុង​រាងកាយ​។

៤. ធ្វើ​សមាធិ

ការ​ធ្វើ​សមាធិ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ និង​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ធូរ​ស្បើយ។ នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​អាការៈ​ចង្អោរ​បង្ក​ដោយ​ស្ត្រេស និង​ការ​ថប់​បារម្ភ។ ការ​ដក​ដង្ហើម​វែងៗ​ក៏​ជា​ការ​សមាធិ​មួយ​ដែរ។ យើង​អាច​ដក​ដង្ហើម​យឺតៗ​តាម​ច្រមុះ និង​ទប់​ដង្ហើម​បី​វិនាទី និង​ដកដង្ហើម​ចេញ​វិញ។ យើង​អាច​បន្ត​ធ្វើ​បែប​នេះ​ច្រើន​ដង​រហូត​ដល់​អាការៈ​ចង្អោរ​ធូរស្រាល។

៥. ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍

ពេល​ខ្លះ​ការ​ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍​ក៏​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ប្រសើរ​ឡើង​ដែរ។ នៅ​ពេល​ដែល​យើង​គិត​ពី​អាការៈ​នេះ​កាន់​តែ​ច្រើន យើង​នឹង​មានអារម្មណ៍​ចង្អោរ​កាន់​តែ​ខ្លាំង។ ដូចនេះ​ពេល​ក្រោយ​មាន​អាការៈ​នេះ​ យើង​គួរ​បង្វែរ​ចំណាប់អារម្មណ៍​យើង​ដោយ​ការ​អាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​បើ​សិន​ជា​ការ​ធ្វើ​សកម្មភាព​នេះមិន​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​អាក្រក់​ជាង​មុន។

៦. ផឹក​ទឹក

ការ​ខ្វះ​ជាតិ​ទឹក​អាច​កើតឡើង​បើ​យើង​មិន​អាច​ផឹក​ទឹក​បាន​ដោយ​សារ​អាការៈ​ចង្អោរ​នេះ។ អាការៈ​នេះ​ក៏​ជា​រោគសញ្ញា​មួយ​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ ប៉ុន្តែ​ការ​ផឹក​ទឹក​ច្រើន​ពេក​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​អាក្រក់​ឡើង​។ នៅ​ពេល​មាន​អារម្មណ៍​ឈឺ​ពោះ​ចង់​ចង្អោរ​ក្អួត យើងគួរ​ផឹក​ទឹក​ម្ដង​បន្តិចៗ​។ យើង​ក៏​អាច​​ផឹក​តែ​ដែល​មិន​មាន​កាហ្វេអ៊ីន (decaf tea) ឬ​ទឹក​ដែល​មានដាក់​ចំណិត​ផ្លែឈើ​ស្រស់​។​

៧. ទឹក​ក្រូចឆ្មារ

ក្រូចឆ្មារ​មាន​ផ្ទុក​អាស៊ីត​ citric ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​សម្រួល​ដល់​ក្រពះ។ យើង​អាច​បន្ថែម​ទឹកក្រូចឆ្មារ​ទៅ​ក្នុង​ទឹក​។ ក្នុងករណី​ដែល​អាការៈ​ចង្អោរ​នេះ​បង្ក​ដោយ​ការ​ទល់​លាមក ការ​ផឹក​ទឹក​ក្ដៅឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​គឺ​អាច​សម្រួល​ដល់​ការ​បន្ទោរបង់។ ប៉ុន្តែ​យកល្អ​កុំ​ផឹក​ទឹក​ក្រូចឆ្មារ​ច្រើន​ពេល​តែ​មួយ​ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​អាក្រក់។ ម៉្យាងទៀត​ក្លិន​ក្រូចឆ្មារ​ក៏​ជួយ​បន្ថយ​អាការៈ​ចង្អោរ​ដែរ។ ការ​សិក្សា​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា​ការ​ហិន​ប្រេង​ដែល​មាន​ក្លិន​ក្រូចឆ្មារ​អាច​ជួយ​បន្ថយ​អាការៈ​ចង្អោរ និង​ក្អួត​របស់​ស្រ្តី​មាន​ផ្ទៃពោះ។ ប្រសិន​ជា​យើង​មិន​មាន​ប្រេង​ក្លិន​ក្រូចឆ្មារ យើង​អាច​ប្រើ​ក្រូចឆ្មារ​ស្រស់​បាន។

៨. ខ្ញី

ដើម្បី​ឲ្យ​អាការៈ​ចង្អោរ​មាន​ភាព​ធូរ​ស្រាល យើង​អាច​ញ៉ាំ​ខ្ញី​ស្រស់ ឬ​ដំណាប់​ខ្ញី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទឹក​ខ្ញី​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​បន្ធូរបន្ថយ​អាការៈ​ចង្អោរ​ដែរ។ យើង​អាច​ធ្វើ​ទឹក​ខ្ញី​ដោយ​ខ្លួន​ឯង​បាន​ដោយ​ត្រាំ​ចំណិត​ខ្ញី​ស្រស់​ក្នុង​ទឹកក្ដៅ​យ៉ាង​តិច​៥​នាទី​។

៩. ជីរ​អង្កាម

ការសិក្សា​ឆ្នាំ​២០១៣​បាន​ឲ្យ​ដឹង​ថា​ជីរអង្កាម​គឺ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​អាការៈ​ចង្អោរ​ដោយ​សារ​ការ​ព្យាបាល​មហារីក​ដោយ​គីមី (chemotherapy)។​ យើង​អាច​ប្រើ​ប្រេង​មាន​ក្លិន​ជីរអង្កាម ឬ​ស្លឹក​ជីរអង្កាម​ស្រស់ ឬ​ផឹក​តែ​ជីរអង្កាម​ ហើយ​យើង​អាច​ធ្វើ​តែ​ជីរអង្កាម​ដោយ​ខ្លួន​ឯង​បាន​ដោយ​ដាក់​ស្លឹក​ជីរអង្កាម​ស្រស់​ត្រាំ​ក្នុង​ទឹក​ក្ដៅ។

១០. ញ៉ាំ​អាហារ​មាន​រសជាតិ​សាប

ការ​ញ៉ាំ​អាហារ​មាន​រសជាតិ​សាប​អាច​ជួយ​ដល់​អាការៈ​ចង្អោរ​ និង​ការពារ​មិន​ឲ្យ​ក្អួត។ អាហារ​ដែល​គេ​តែង​ណែនាំ​គឺ​ចេក បាយ និង​នំប៉័ង​អាំង។ យក​ល្អ​គួរ​ចៀសវាង​អាហារ​បំពង ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ឈីស និង​ទឹកដោះគោ សាច់ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ ​រហូត​ដល់​អាការៈ​ចង្អោរ​បាត់ទៅវិញ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet