អស្ចារ្យណាស់! នេះជារូបភាពនៃកំណើតដំបូងរបស់ភពមួយ ដែលក្រុមតារាវិទូទើបតែថតបាន

ស៊ីលី៖ រូបរាងគូទខ្ចងដែលជាកន្លែងកំណើតដំបូងរបស់ភពមួយ គឺកំពុងកើតឡើងនៅជុំវិញផ្កាយមួយ (AB Aurigae) ដែលជាប្រព័ន្ធផ្កាយដ៏ក្មេងខ្ចី ស្ថិតនៅចម្ងាយ៥២០ឆ្នាំពន្លឺពីផែនដី និងស្ថិតនៅក្នុងតារានិករ Auriga។ កំណើតនៃភពមួយអាចមើលឃើញតាមរយៈរូបភាព និងការសង្កេតថ្មីៗដែលបង្កើតឡើងដោយក្រុមតារាវិទូ ដោយប្រើប្រាស់តេឡេទស្សន៍យ៉ាងធំរបស់មន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory នៅក្នុងប្រទេសស៊ីលី។ AB Aurigae​ គឺជាផ្កាយក្មេងខ្ចីមួយ នៅក្នុងតារានិករដែលជានិមិត្តសញ្ញាអ្នកបររទេះ។ វាព័ទ្ធជុំវិញដោយរង្វង់ក្រាស់ បង្កើតឡើងដោយឧស្ម័នត្រជាក់និងធូលី។ នៅពេលវត្ថុទាំងនេះរួមគ្នានៅក្នុងចង្កោមតែមួយ ពួកវាគឺជាធាតុផ្សំដ៏ត្រឹមត្រូវ ដើម្បីបង្កើតជាភពមួយ។
រូបគូទខ្ចងដែលមានភពកំពុងចាប់កំណើតនៅក្នុងនេះ
នៅរង្វង់នោះ មានលក្ខណៈដូចជាគូទខ្ចង ដែលបញ្ជាក់ថា ភពដំបូងមួយកំពុងចាប់កំណើត នៅក្នុងរង្វង់មួយនោះ។ ហើយក្រុមតារាវិទូជឿថា វាអាចជាភស្ដុតាងដំបូងនៃកំណើតភព។ ការក្រឡេកមើលប្រព័ន្ធផ្កាយវ័យក្មេង ព័ទ្ធជុំវិញដោយឧស្ម័ននិងធូលី គឺជារឿងមួយពិបាក ពីព្រោះគេត្រូវការចាប់រូបភាពច្បាស់និងលម្អិតរបស់ពួកវា។ ខណៈភពកំពុងចាប់ផ្ដើមគោចរជុំវិញផ្កាយរបស់វា ដៃគូទខ្ចងបង្កើតជាការបត់បែន និងមានទម្រង់ជារលក។ នៅក្នុងរូបភាព គូទខ្ចងនេះមានពណ៌លឿងភ្លឺ ហើយលេចឡើងនៅជិតចំណុចកណ្ដាល។ តាមការពិត ភពវ័យក្មេងនេះដែលស្ថិតក្នុងទម្រង់ជាគូទខ្ចង គឺមានចម្ងាយឆ្ងាយពីផ្កាយរបស់វា ប្រហែលនឹងចម្ងាយពីភពណិបទូនទៅកាន់ព្រះអាទិត្យរបស់យើង។ ចម្ងាយជាមធ្យមរបស់វាស្មើនឹង៤.៤៧ប៊ីលានគីឡូម៉ែត្រ៕