កំពុងរងគ្រោះដោយកូវីដ១៩ផង ពេលនេះឥណ្ឌានិងបង់ក្លាដេស ជួបព្យុះកំណាច ​សំលាប់មនុស្ស១៤នាក់ និងបំផ្លាញផ្ទះសម្បែងរាប់​សិបខ្នង (មានវីដេអូ)

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ០៩:៤៩
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ព្យុះស៊ីក្លូន Amphan ដ៏ខ្លាំងមួយ បានបោកបក់នៅភាគខាងកើតប្រទេសឥណ្ឌា​ និងបង់ក្លាដេសកាលពីថ្ងៃពុធ​ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងបានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង ខណៈពេលដែលប្រទេស​កំពុងរងគ្រោះដោយជំងឺកាចសាហាវកូវីដ១៩។
មន្រ្តីប៉ូលីសបានលើកបុរសពិការម្នាក់ ទៅកាន់កន្លែងដែលមានសុវត្ថិភាព នៅក្នុងប្រទេសឥណ្ឌា
ប្រភពដដែលបានឱ្យដឹងទៀតថា ព្យុះស៊ីក្លូន Amphan បានចាប់ផ្តើមបោកបក់ចេញពីឈូងសមុទ្រ​បេងហ្គាល់ ​ក្នុងល្បឿនរហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង​ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ហើយ​ជាង ៥០០,០០០ នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅរកទីកន្លែងសុវត្ថិភាព ​ចំណែក​ផ្ទះសម្បែង រថយន្ត បង្គោលភ្លើង និងដើមឈើជាច្រើនត្រូវរងការបំផ្លាញ។
ដើមឈើជាច្រើនបានបាក់រលំ
ដោយឡែក នៅក្នុងប្រទេសបង់ក្លាដេសឯណោះវិញ ព្យុះកំណាចស៊ីក្លូននេះ បាន​ឆក់យកជីវិតមនុស្សចំនួន ៤នាក់ និងបង្ខំឱ្យពលរដ្ឋបង់ក្លាដេសប្រមាណ ២,៤ លាននាក់ ត្រូវជម្លៀសទៅរកទីតាំងសុវត្ថិភាព ចំណែកផ្ទុះសម្បែងជាង ៥០០ខ្នង រួមទាំងហេដ្ឋរចនាសម្ព័ន្ធជាច្រើនទៀតត្រូវ​ខូចខាត។
ផ្ទុះសម្បែងជាច្រើនខ្នង ត្រូវរងការបំផ្លាញ
គួរឱ្យដឹងផងដែរថា ជារឿយៗព្យុះស៊ីក្លូន តែងបោកបក់ទៅលើតំបន់ភាគខាងកើតរបស់ប្រទេសឥណ្ឌា និងបង់ក្លាដេស ចន្លោះពីខែមេសា ដល់ខែធ្នូ ដោយក្នុងនោះ វាបានបង្កឱ្យមានការខូតខាតជាច្រើន និង​បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីទៅរកទីកន្លែងសុវត្ថិភាព៕សូមទស្សនាវីដេអូខាងក្រោម៖