គិលានុបដ្ឋាយិកាម្នាក់ បានចែករំលែករូបភាពរបស់គាត់មុនពេល និងក្រោយពេលឆ្លងវីរុសកូរ៉ូណា...មើលទៅខុសគ្នាដូចមេឃ និងដី

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:១៤
អាមេរិក៖ គិលានុបដ្ឋាយិកាជនជាតិអាមេរិកម្នាក់ បានចែករំលែកនូវរូបភាពសឹងមិនគួរឲ្យជឿចំនួនពីរសន្លឹក ដែលបង្ហាញពីការស្រកទម្ងន់អស់៥០ផោន (ប្រមាណ២២គីឡូក្រាម) បន្ទាប់ពីធ្លាក់ខ្លួនឈឺ ហើយចំណាយពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ។
លោក Mike Shultz ពេលកំពុងព្យាបាលជំងឺក្នុងមន្ទីរពេទ្យ
លោក Mike Shultz មានអាយុ ៤៣ឆ្នាំ ទើបទទួលបានការអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីចំណាយពេល៥៧ថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក Shultz ធ្លាប់ជាគិលានុបដ្ឋាយិកាក្នុងមន្ទីរពេទ្យមួយ ដែលតែងតែបម្រើការពី វេន ទៅ វេនក្នុងមួយសប្ដាហ៍ មុនពេលដែលលោកបានឆ្លងវីរុស ចាប់តាំងពីពាក់កណ្ដាលខែមីនាមក។
លោក Mike Shultz កាលនៅបម្រើការជាគិលានុបដ្ឋាយិកា
លោក Shultz ក៏​ធ្លាប់បុរសដែលមានរាងកាយមាំមួន សាច់ដុំធំៗ និងមានទម្ងន់រហូតដល់ ១៩០ផោន (ប្រមាណ៨៦គីឡូក្រាម) ប៉ុន្ដែក្រោយពេលធ្លាក់ខ្លួនឈឺ រាងកាយរបស់លោកហាក់ស្គមស្គាំងជាមុនខ្លាំង សឹងមិនគួឲ្យជឿ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក Shultz បានចែករំលែករូបភាពចំនួនពីរសន្លឹកទៅលើបណ្ដាញសង្គម Instagram ដើម្បីបង្ហាញពីភាពផ្លាស់ប្ដូរនៃរាងកាយរបស់លោក ដែលរូបទីមួយបានថតប្រហែលមួយខែមុន មុនពេលដែលលោកបានចូលមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែមីនា ហើយរូបទីពីរថតក្នុងបន្ទប់សង្រ្គោះ បន្ទាប់ពីចំណាយពេលសប្ដាហ៍ជាមួយនឹងឧបករណ៍ជំនួយខ្យល់ដង្ហើម។
លោក Mike Shultz មុនពេលឈឺ និងពេលកំពុងព្យាបាលក្នុងមន្ទីរពេទ្យ
ចំពោះរូបភាពចំនួនពីរសន្លឹកខាងលើនេះ ក៏មានអមជាមួយនឹងសារ.សរសេររៀបរាប់ពីផលលំបាក និងភាពចុះខ្សោយនៅពេលវីរុសចាប់ផ្ដើមវាយលុករាងកាយរបស់លោកផងដែរ។ ហើយពេលនោះ សូម្បីតែកម្លាំងដៃម្ខាងកាន់ទូរសព្ទដៃក៏គ្មានដែរ៕