សូមកុំភ្លេចខ្លួននិងត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់! ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត២ម៉ឺននាក់

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១០:៣១
ប្រេស៊ីល៖ ប្រេស៊ីលបានកត់ត្រាករណីឆ្លងដ៏ខ្ពស់ និងមិនធ្លាប់មាន កាលពីថ្ងៃពុធ បន្ទាប់ពីបានក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងខ្ពស់ លំដាប់ទីបីនៅលើពិភពលោក នៅដើមសប្ដាហ៍នេះ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន១៩,៩៥១នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ចំនួន២៩១,៥៧៩នាក់។ ការកើនឡើងថ្មីនេះ គឺខ្ពស់ជាងកំណត់ត្រាមុន កាលពីថ្ងៃអង្គារ។ ក្រសួងបាននិយាយថា ការស្លាប់ដែលត្រូវបានរាយការណ៍ទាក់ទងនឹងវីរុសកូរ៉ូណា មានចំនួន៨៨៨នាក់ កាលពីថ្ងៃពុធ ដែលនាំឲ្យចំនួនស្លាប់សរុបកើនដល់១៨,៨៥៩នាក់។
ប្រេស៊ីលបានក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងខ្ពស់ លំដាប់ទីបី នៃជំងឺកូវីដ-១៩ នៅលើពិភពលោក
នៅពេលសួរនាំអំពីការហក់ឡើងយ៉ាងខ្ពស់នៃករណីឆ្លង ក្នុងប្រទេសប្រេស៊ីល លោក ត្រាំ បាននិយាយថា លោកកំពុងពិចារណាលើការហាមឃាត់ ការធ្វើដំណើរលើប្រទេសប្រេស៊ីល។ ក្នុងពេលមានវិបត្តិសុខភាព សភាជាន់ទាបនៃប្រទេសប្រេស៊ីលបានអនុម័ត លើសេចក្ដីស្នើច្បាប់មួយ ដែលនឹងទាមទារឲ្យមានការប្រើប្រាស់ម៉ាស់ការពារខ្លួន នៅទីសាធារណៈ។
ច្បាប់របស់ប្រទេសប្រេស៊ីល នឹងទាមទារឲ្យប្រជាជន ពាក់ម៉ាស់ការពារខ្លួន នៅទីសាធារណៈ
ច្បាប់ដែលបានស្នើនឹងតម្រូវឲ្យប្រជាជនពាក់ម៉ាស់បិទមុខគ្រប់ទម្រង់ នៅក្នុងតំបន់ដែលស្ថិតនៅទីសាធារណៈ រួមទាំងឧស្យាន ចិញ្ចើមផ្លូវ មធ្យោបាយដឹកជញ្ជូនសាធារណៈ និងសូម្បីតែនៅក្នុងអាគារឯកជនដែលមានមនុស្សចេញចូលច្រើន។ ចំពោះជនដែលមិនព្រមអនុវត្តតាមច្បាប់ខាងលើ នឹងត្រូវពិន័យជាប្រាក់រហូតដល់៥២ដុល្លារ។ សំណើរនេះត្រូវការយល់ព្រម ពីសមាជិកព្រឹទ្ធសភានិងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលកម្រនឹងពាក់ម៉ាស់បិទបាំងមុខ។ គេមិនទាន់ច្បាស់ថា ការបោះឆ្នោតព្រឹទ្ធសភានឹងកើតឡើង នៅពេលណានោះទេ៕