WHO កាន់តែព្រួយបារម្ភ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុត ជាង១០ម៉ឺននាក់ក្នុងមួយថ្ងៃ

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៤:៥៤
បរទេស៖ បច្ចុប្បន្ននេះ ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែបន្ដកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយជាពិសេសនោះ គឺនៅបណ្ដាប្រទេសលោកខាងលិច រួមមានប្រទេសរុស្ស៊ីជាដើម ដែលបានរាយការណ៍ពីករណីឆ្លងថ្មីរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។យ៉ាងណាមិញ បើតាមការឲ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា នៅថ្ងៃអង្គារ ទី១៩ ខែឧសភាកន្លងទៅនេះ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបរហូតដល់ ១០៦,៦៦២ ករណី ដោយគិតត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដែលចំនួននេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកំឡុងខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។
លោក Tedros Adhanom Ghebreyesus​ប្រធានអង្គការសុខភាពពិភពលោក​
តួលេខកើនថ្មីគួរឲ្យព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីរដ្ឋនានាជុំវិញពិភពលោក បានចាប់ផ្ដើមសម្រុកធ្វើតេស្ដប្រជាជន ដើម្បីបង្ការមិនឲ្យរលកទីពីរផ្ទុះឡើង។ ជាក់ស្ដែងថ្មីៗនេះ ទីក្រុងវូហានដែលជាចំណុចផ្ទុះឡើងនៃវីរុសមុនដំបូងគេ បានសម្រុកធ្វើតេស្ដប្រជាជនរបស់ខ្លួនជាង១១លាននាក់ ក្នុងរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ។ទន្ទឹមនឹងនេះ ​ប្រធានអង្គការសុខភាពពិភពលោក​ លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការកើន​ឡើង​នៃ​ករណីឆ្លង​នៅក្នុងប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ ហើយលោកតែងតែក្រើនរម្លឹកដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសមួយចំនួនដែលបានបន្ធូរបន្ថយវិធានការរឹតបន្ដឹង ឲ្យមានការប្រុងប្រយុទ្ធខ្ពស់ចំពោះរលកទីពីរផងដែរ។
ប្រជាជននៅឯព្រលានយន្ដហោះ កំឡុងពេលវីរុសកូរ៉ូណារាតត្បាត
គួរឲ្យដឹងដែរថា គិតមកត្រឹមថ្ងៃនេះ ចំនួនករណីឆ្លងសរុបនៅទូទាំងពិភពលោកបានកើនលើសលាននាក់ហើយ ដែលក្នុងនោះ មនុស្សជាង៣០ម៉ឺននាក់បានស្លាប់ និងជាងលាននាក់បានជាសះស្បើយវិញ៕