អីយ៉ាស! Man UTD ត្រៀមជះលុយ១០លាន ទិញយកខ្សែការពារស្លាបឆ្វេងរូបនេះ តាមយោបល់ Nani ហើយ

  • សុក្រ ២២ ឧសភា, ២០២០ ០៩:៤៧
អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម​ Manchester United កំពុងតាមប្រមាញ់យកខ្សែការពារស្លាបឆ្វេងរបស់ក្លិប Sporting Lisbon កីឡាករ Nuno Mendes
កីឡាករNuno Mendes
អតីតខ្សែបម្រើស្លាបរបស់ Man UTD កីឡាករ Nani ត្រូវបានគេរាយការណ៍មកថា ធ្លាប់បានផ្ដល់យោបល់ឲ្យអ្នកចាត់ការទូទៅ លោក Ole Gunnar Solskjaer តាមទិញខ្សែការពារវ័យ១៧ឆ្នាំ រូបនេះ។
កីឡាករNani
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត Daily Star ក្លិបជើងឯក Premier League ១៣សម័យបានធ្វើតាមសំណើរបស់ Nani ហើយ ដោយបានឆ្លៀតបើកកិច្ចចរចាជាមួយនឹងក្លិប Sporting ជុំវិញការផ្ទេរ Mendes តាំងពីពេលចុះកុងត្រាយកខ្សែបម្រើ Bruno Fernandes កាលពីទីផ្សារខែមករាមកម្ល៉េះ។
លោកOle Gunnar Solskjaer ជាមួយនឹង Bruno Fernandes
ប្រភពដដែលបានបន្ថែមទៀតថា Man UTD រំពឹងថានឹងអាចចុះកុងត្រាយកជម្រើសជាតិព័រទុយហ្កាល់អាយុក្រោម១៩ឆ្នាំរូបនេះ ក្នុងតម្លៃ១០លានផោន (ឬប្រមាណ ១២លានដុល្លារ) នៅរដូវក្ដៅខាងមុខ ក្រោយពេលសាមីខ្លួន បានបង្ហាញសញ្ញា ចង់ផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ដោយទើបតែបដិសេធ មិនចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល២ឆ្នាំ ដែលក្លិប Sporting បានផ្ដល់ឲ្យ។
កីឡាករ Nuno Mendes
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Mendes ចូលលេងឲ្យឈុតយុវជនអាយុក្រោម២៣ឆ្នាំរបស់ Sporting បាន១៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន៤គ្រាប់ (ស៊ុត១ Assists ៣)៕