ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមបង្ក្រាបមេរោគកូវីដ-១៩!

  • សៅរ៍ ២៣ ឧសភា, ២០២០ ០៩:១៥
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារៈការពារសំខាន់ៗដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។
ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដើម្បីជួយប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា
នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា៖ “ក្នុងពេលមានវិបត្តិសុខភាពសកលដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត”។ លោក Chen បានបន្ថែមថា៖“យើងមានសេចក្តីសោមនស្សរីករាយដែលសម្ភារៈការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង”។ ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសម្ភារៈការពារមេរោគកូវីដ-១៩ ពី ណាហ្គាវើលដ៍បេះដូងសប្បុរស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។ ឯកឧត្តមបានឲ្យដឹងថា៖“ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារៈសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់លិខិតថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារៈទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ”។
លោក Pern Chen ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម សេង ឡូត 
សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារៈការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជ​ន និងកីឡាផងដែរ ដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕