អីយ៉ាស! Inter កំពុងអន្ទងចង់បានជើងស៊ុតរបស់ Man City ម្នាក់នេះ ទៅជំនួស Martinez

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិប Inter Milan មានចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុមមេឃខៀវ Manchester City ដើម្បីទៅជំនួសតំណែងកីឡាករ Lautaro Martinez ដែលខិតជិតនឹងផ្លាស់ទៅ ​Barcelona។
Martinez បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរដូវកាលនេះ ពោលក្នុងចំណោមការបង្ហាញខ្លួន៣១ប្រកួត គេស៊ុតបាន១៦គ្រាប់។ ជាមួយគ្នានេះ សមត្ថភាពរបស់ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ បានទាក់ចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ជាពិសេសគឺ Barcelona តែម្ដង។យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែតអ៊ីតាលី Alfredo Pedulla ក្លិប Inter បានត្រៀមរួចរាល់ក្នុងការចែកផ្លូវគ្នាជាមួយ Martinez ដោយពួកគេ បានសម្លឹងឃើញ Aguero ថាជាបេក្ខភាពដ៏ស័ក្ដិសម ក្នុងការមកជំនួស។
  កីឡាករ Lautaro Martinez
Aguero បានបង្កើតភាពជោគជ័យ និង មានអនុស្សាវរីយ៍ល្អៗច្រើន នៅ​ Man City ។ ជាក់ស្ដែងចាប់តាំងពីផ្លាស់ពីក្រុម Atlético Madrid មកកាន់កីឡដ្ឋាន Etihad ក្នុងឆ្នាំ២០១១មក គេធ្លាប់ជួយក្លិបយក្សអង់គ្លេស ឈ្នះពាន Premier League បាន៤ដង ពាន League Cup ៥ដង និង FA Cup ១ដង។
  ខ្សែប្រយុទ្ធ Sergio Aguero
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនត្រូវបាន គេរាយការណ៍មកថា អាចនឹងជ្រើសរើសចាកចេញពី Man City ប្រសិនបើក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអារ៉ាប់មួយនេះ មិនអាចរួចផុតពីពិន័យរបស់ UEFA ។គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ ជើងស៊ុតវ័យ៣១ឆ្នាំ បង្ហាញខ្លួនក្នុងក្រុមលោក Pep Guardiola បាន៣០ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន២៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង៕
  ខ្សែប្រយុទ្ធ Sergio Aguero