តើស្នេហាប្រភេទណា ដែលអ្នកយល់ថា វាឈឺចាប់ជាងគេ?

គេថា «មានស្នេហា ត្រូវចុះកិច្ចសន្យានឹងការឈឺចាប់» វាជាការពិតហើយ មិនមែនឱ្យតែមានការស្រឡាញ់ សុទ្ធតែអាចមានក្ដីសុខ សុភមង្គល សប្បាយចិត្តនោះឡើយ ក្ដីស្រឡាញ់ខ្លះ ស្នេហាខ្លះ មានតែការឈឺចាប់ និងភាពឯកាតែប៉ុណ្ណោះ។ខាងក្រោមនេះ តើអ្នកគិតថាការស្រឡាញ់ ឬស្នេហាមួយណា ដែលមានការឈឺចាប់ជាងគេទៅ?
រូបតំណាង
១. លួចស្រឡាញ់គេតែម្ខាង
អារម្មណ៍នៃការលួចស្រឡាញ់គេតែម្ខាង អាចនិយាយបានថា ពេលខ្លះក៏ពិបាកទ្រាំ ពេលនឹកគេម្ដងៗ វាលំបាកពេកហើយ តែពេលខ្លះ វាក៏មានក្ដីសុខដែរ ព្រោះតែបានឃើញស្នាមញញឹម បាននៅក្បែរគេ បានគេនិយាយរក ពេលខ្លះសុខចិត្តលួចស្រឡាញ់គេ ល្អជាងសារភាពឱ្យគេបានដឹង កុំឱ្យមើលមុខគ្នាមិនចំ។២. លើសពីមិត្ត តែមិនមែនសង្សារ
ជារឿងមួយដែលហួសចិត្ត និងឈឺចិត្តជាខ្លាំង ដែលយើងមានភាពស្និទ្ធស្នាលជាមួយគ្នា តែមិនដឹងថា ក្នុងនាមជាអ្វីនឹងគ្នាឱ្យប្រាកដ ទំនាក់ទំនងលើសពីមិត្ត តែមិនមែនជាសង្សារនឹងគ្នាទេ ពេលខ្លះក៏ប្រចណ្ឌទាំងគ្មានតំណែងច្បាស់នៅក្នុងចិត្តគេសោះ សួរថា អារម្មណ៍បែបហ្នឹង តើពិបាកនឹងគ្រប់គ្រងប៉ុនណាទៅ វាមិនមែនជារឿងងាយស្រួលនោះឡើយ។
រូបតំណាង
៣. ទាក់ទងគ្នាដោយលួចលាក់
ស្រឡាញ់គ្នា តែបែរជាលួចលាក់ ខ្លាចអ្នកនេះ ឬអ្នកនោះដឹង ស្រឡាញ់គ្នា មិនចង់បង្ហាញឱ្យអ្នកណាឃើញ សួរថា បើស្រឡាញ់គ្នាខ្លាចគេដឹងអ៊ីចឹង តើស្រឡាញ់គ្នាធ្វើអី? ធ្វើដូចឆ្មាលួចស៊ីត្រីអាំង ធ្វើដូចលួចទាក់ទងអ្នកមានម្ចាស់ហើយ តើស្រឡាញ់គ្នាមានន័យអី បើម្នាក់ៗខ្លាចតែគេដឹងបែបហ្នឹងនោះ?៤. ឈ្មោះជាសង្សារតែសោះអង្គើយដាក់គ្នា
ឈ្មោះជាសង្សារនឹងគ្នា តែបែរជាសោះអង្គើយ ចេះតែព្រងើយកន្តើយដាក់គ្នា មិនចេះយកចិត្តទុកដាក់ មិនចេះមើលថែគ្នា ស្នេហាបែបហ្នឹង មិនដឹងថាទាក់ទងគ្នាមានន័យអ្វី ធ្វើជាអ្នកដទៃប្រហែលជាល្អជាង ព្រោះមានសង្សារ តែដូចនៅម្នាក់ឯង វាពិតឯកាណាស់។
រូបតំណាង
៥. ស្រឡាញ់គ្នា តែគ្រួសារមិនពេញចិត្ត
ស្នេហាបែបហ្នឹង សួរថា អាចបានជួបគ្នាដែរឬទេ ប្រឹងស្រឡាញ់គ្នា ប្រឹងសាងទំនាក់ទំនងមកជាយូរ តែចុងក្រោយ បែរជាគ្រួសារមិនពេញចិត្ត មានតែអ្នកចាំបំបែកបំបាក់ ពិបាកបំផុត ស្រឡាញ់គ្នាចាំតែថ្ងៃបែក ស្រឡាញ់ទាំងខ្វល់គិត ភ័យព្រួយ បើថ្ងៃមួយត្រូវមកបែកគ្នាព្រោះតែគ្រួសារ សួរថា តើវាឈឺចាប់កម្រិតណាទៅ?ខ្មែរឡូតសូមរក្សាសិទ្ធិ