តំបន់មួយនៅលើពិភពលោក ត្រូវបានគេជឿថា ជាកន្លែងដែលមានខ្យល់អាកាសល្អបរិសុទ្ធបំផុត

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេបានរកឃើញខ្យល់អាកាសបរិសុទ្ធបំផុត របស់ពិភពលោក ដោយគ្មានភាគល្អិតបង្កឡើងដោយសកម្មភាពរបស់មនុស្ស ដែលមានទីតាំងស្ថិតនៅលើមហាសមុទ្រខាងត្បូង ព័ទ្ធជុំវិញទ្វីបអង់តាក់ទិក។ នៅក្នុងការសិក្សាដំណាក់កាលដំបូង នៃសមាសភាពជីវឧស្ម័ននៃមហាសមុទ្រខាងត្បូង អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado State University បានកំណត់តំបន់បរិយាកាសមួយ ដែលនៅតែមិនផ្លាស់ប្ដូរ ដោយសកម្មភាពរបស់មនុស្ស។
តំបន់មហាសមុទ្រខាងត្បូង
អាកាសធាតុនិងធាតុអាកាសមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយភ្ជាប់ផ្នែកនីមួយៗនៃពិភពលោក ជាមួយតំបន់ផ្សេងទៀត។ នៅពេលអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែសកម្មភាពរបស់មនុស្ស អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវខំប្រឹងស្វែងរកជ្រុងមួយនៃផែនដី ដែលមិនប៉ះពាល់ដោយមនុស្ស។ ទោះយ៉ាងណា សាស្ត្រាចារ្យ Sonia Kreidenweis និងក្រុមរបស់អ្នកស្រីបានសង្ស័យថា ខ្យល់នៅលើមហាសមុទ្រខាងត្បូងនឹងរងផលប៉ះពាល់តិចបំផុត ពីមនុស្សនិងធូលីពីបណ្ដាទ្វីប នៅលើពិភពលោក។
តំបន់ខាងក្រោមគឺជាតំបន់មហាសមុទ្រខាងត្បូង
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ខ្យល់ស្រទាប់ព្រំដែន ដែលផ្ដល់ពពកទាបនៅលើមហាសមុទ្រខាងត្បូង គឺមិនមានភាគល្អិត ពីខ្យល់ដែលបង្កើតឡើងដោយសកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈផូស៊ីល ការដាំដំណាំប្រភេទជាក់លាក់ណាមួយ ការផលិតជី និងការចោលកាកសំណល់៕