ត្រឹមរយៈពេល ២៤ម៉ោង រុស្ស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជិត ៩ពាន់នាក់

  • អាទិត្យ ០៧ មិថុនា, ២០២០ ១៥:៥៧
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន​ The Moscow Times របស់រុស្ស៊ីបានរាយការណ៍នៅ​ថ្ងៃអាទិត្យនេះថា ​​​ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ីបានបន្តកើនឡើងដល់ ៤៦៧,៦៧៣នាក់ ក្រោយរកឃើញករណីអ្នកឆ្លងថ្មីនៅថ្ងៃនេះចំនួន ៨,៩៨៤នាក់បន្ថែមទៀត។
គ្រូពេទ្យម្នាក់ កំពុងមើលថែអ្នកជំងឺកូវីដ១៩
​​មន្ត្រីសុខាភិបាលរុស្ស៊ីបាន​ឱ្យដឹង​ថា ​នៅថ្ងៃដដែលនោះ មាន​អ្នកជំងឺកូវីដ១៩ចំនួន ​១៣៤នាក់ បានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៥,៨៥៩នាក់។ ដោយឡែក ចំនួនអ្នក​ជាសះស្បើយពីជំងឺ​ គឺបានកើន​ដល់ ២២៦,៧៣១នាក់។
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅរុស្ស៊ី
គួរឱ្យដឹងផងដែរថា រដ្ឋធានីម៉ូស្គូ គឺជាទីតាំងរងគ្រោះដោយជំងឺកូវីដ១៩នេះខ្លាំងជាងគេ ដែលមានចំនួនអ្នកឆ្លងជំងឺជិតស្មើពាក់កណ្តាល នៃចំនួនអ្នកឆ្លង​សរុបនៅក្នុងប្រទេសរុស្ស៊ីទាំងមូល។ ហើយកាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋធានីម៉ូស្គូ បានប្រកាសបន្ធូរបន្ថយវិធានការតឹងរ៉ឹង និងអនុញ្ញាតឱ្យ​ហាងលក់ដូរ​ផ្សេងៗ អាចបើកដំណើរការឡើងវិញ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមាតិរិះគន់ជាច្រើនបានលើកឡើងថា ការ​​បន្ធូរបន្ថយវិធានការបិទទ្វារប្រទេស​រហ័សពេក អាចនឹងធ្វើឱ្យករណីឆ្លងថ្មី កាន់តែកើនឡើងបន្ថែមទៀត៕
រថយន្តបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវ ខណៈជំងឺកូវីដ១៩បានឆ្លងរាលដាលយ៉ាងខ្លាំងនៅរុស្ស៊ី