Hakimi ចាប់ផ្តើមលេចធ្លោខ្លាំង រហូតធ្វើឱ្យក្លិបយក្សនៅអ៊ីតាលីតាមប្រមាញ់យក

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:២៧
នាយកប្រតិបត្តិក្លិបអ៊ីតាលី Inter Milan លោក Giuseppe Marotta មានប្រសាសន៍ថា ក្លិបកំពុងស្ថិតក្នុងការចរចាពិសេសលើកីឡាករ Achraf Hakimi ខណៈដែលខ្សែការពាររូបនេះជិតឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅកាន់ទឹកដី Serie A ។Hakimi បានចាប់ផ្តើមលេចធ្លោខ្លាំងនៅរដូវកាលនេះ ខណៈពេលដែលនៅជាមួយ Borussia Dortmund ជាកន្លែងដែលគាត់បង្ហាញខ្លួនបាន ៤៥ ដងក្នុងរដូវកាលទី ២ របស់គាត់​ បន្ទាប់ពីបានខ្ចីជើងពី Real Madrid មកកាន់ទឹកដីអាល្លឺម៉ង់។
កីឡាករ Ronaldo និងកីឡាករ Achraf Hakimi
ដោយកុងត្រាខ្ចីជើងនឹងត្រូវផុតនៅបញ្ចប់រដូវក្តៅនេះ Hakimi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបជាច្រើន ដោយក្លិបមេ Real Madrid កំពុងប្រឈមមុខនឹងការសម្រេចចិត្តមួយ នៅពេលនិយាយអំពីអនាគតរបស់ខ្សែការពារឆ្នើមរូបនេះ។
កីឡាករ Achraf Hakimi
យោងតាមនាយកផ្នែកកីឡាលោក Michael Zorc បាននិយាយថា Borussia Dortmund បានពិភាក្សាជាមួយ Real Madrid ដើម្បីបន្តកិច្ចព្រមព្រៀងខ្ចីជើងបន្តទៀតរបស់ Hakimi ទោះបីជាក្លិបបានបោះបង់ការរក្សាទុកខ្សែការពារឆ្នើមនេះក៏ដោយ។
លោក Michael Zorc
គូប្រជែងរបស់ Dortmund ក្លិប Bayern Munich ក៏ត្រូវបានគេនិយាយថា មានការចាប់អារម្មណ៍ផងដែរ ខណៈដែលការវិលត្រឡប់ទៅកាន់ Real Madrid និងកៅអីថ្មីមួយក្នុងជម្រើសរបស់លោក Zinedine Zidane ក៏ត្រូវបានគេរាយការណ៍ផងដែរថាជាដំណោះស្រាយដ៏សក្តានុពលសម្រាប់អនាគតមិនប្រាកដប្រជារបស់ Hakimi
ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ Inter បានឈានមុខគេក្នុងការប្រជែងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិម៉ូរ៉ូកូរូបនេះ ដោយភាគីអុីតាលីបានផ្សារភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀង ៤០ លានអុឺរ៉ូ (៣៦ លានផោន / ៤៥ លានដុល្លារអាមេរិក) ដើម្បីផ្ទេរទៅកាន់ទឹកដីអុីតាលី។
លោក Marotta ក៏បានបញ្ជាក់ថា ក្លិបរំពឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ជាមួយនឹងសេចក្តីប្រកាសចុងក្រោយដែលអាចធ្វើទៅបាននៅប៉ុន្មានថ្ងៃខាងមុខនេះ។ Marotta បានប្រាប់ទូរទស្សន៍ Sky Sports ថា “ឆន្ទៈរបស់ម្ចាស់ក្លិបគ្រួសារត្រកូល Zhang នឹងបន្តការទិញកីឡាករសំខាន់ៗជាច្រើនទៀត ”៕