ថ្ងៃថ្មី៖ ក្រោក​ពី​ព្រ​លឹម​ អ្នក​នឹង​ទទួល​បាន​ផល​ប្រ​យោជន៍​ និង​អារម្មណ៍​​ស្រស់​ស្រាយ​បែប​នេះ​

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៥:០១
ក្នុងបណ្តុំអត្ថបទសួស្តីថ្ងៃថ្មីនេះ យើងទើបបានសរសេរអត្ថបទមួយនិយាយពីការក្រោកពីដំណេកពីព្រលឹម  ហើយ​សង្ឃឹម​ថា អ្នកបានពេញចិត្តធ្វើតាមរួចហើយ។ ឥលូវនេះអ្នកមិនក្រោកយឺតទៀតទេ ម៉ោងប្រាំកន្លះមិនទាន់ទេ អ្នកក៏បើក​ភ្នែក ងើបសម្លឹងមើលមេឃស្រាងៗមិនទាន់ភ្លឺច្បាស់។ តែអ្នកគិតថាគ្រាន់តែក្រោកពីព្រលឹមនឹងទទួលបានផលប្រយោជន៍ដូចដែលបានបកស្រាយក្នុងអត្ថបទមុន ឬមែន? តាមពិតទៅក្រោកលឿនបានតែជួយយើងឲ្យមានពេលច្រើនជាងមុនប៉ុណ្ណោះ សំខាន់នោះគឺយើងយកពេល​ព្រឹកនេះ​មកធ្វើអ្វីខ្លះទៅទៀត។  បើយកពេលនោះ «សម្ងំបិទភ្នែក» នោះយើងគ្មានបានអ្វីមកវិញទេ ហើយថែមទាំងខាត​ពេល​ដេកស្កប់ស្កល់ទៀតផង!តាមពិតទៅ ពេលព្រឹកព្រលឹមមិនទាន់ដល់ម៉ោងរៀនឬធ្វើការនេះហើយ ជាពេលដែលស្ងប់ស្ងាត់បំផុត ដោយ​សារផ្លូវខាង​ក្រៅមិនទាន់សូវមានឡានម៉ូតូថ្លង់ត្រចៀក ទូរស័ព្ទក៏មិនលោតសារភ្លីកផ្លក់ ហើយអ្នកក្នុងផ្ទះនៅដេក​ស្រម៉ុកខុល​ក្នុងភួយខ្លួននៅឡើយ… ពេលព្រឹកនេះហើយជាពេលដែលយើងអាចសន្ទនាជាមួយខ្លួនឯង និងរៀប​ចំទាំងកាយទាំងចិត្តដើម្បីទទួលថ្ងៃថ្មីបាន!អញ្ចឹងហើយនេះជាទម្លាប់ខ្លះៗដែលអ្នកអាចធ្វើក្រោយពេលភ្ញាក់ពីដេកភ្លាម (និយាយមែន គួរសាកធ្វើវាយ៉ាងហោច​ណាស់បានមួយខែសិនទៅ ដឹងថាវាមានប្រយោជន៍ប៉ុណ្ណាហើយ)៖​1. ហាត់ចិត្ត៖ តាំងសមាធិមានការស្រាវជ្រាវជាច្រើនដែលបានរកឃើញថាការតាំងសមាធិផ្តល់ផលប្រយោជន៍ល្អៗជាច្រើនដល់​ខួរក្បាល ក៏ដូចជាចិត្តរបស់យើងផងដែរ។ ប្រហែលបន្តិចទៀត យើងនឹងសរសេរអត្ថបទមួយបកស្រាយ​ពីការតាំង​សមាធិឲ្យបានស៊ីជម្រៅជាងនេះ តែឥលូវនេះមានការបកស្រាយខ្លីៗ និងតំណទៅកាន់របាយការណ៍​ស្រាវជ្រាវ​ទាំង​ឡាយ សម្រាប់ឲ្យអ្នកដែលចង់ស្រាវជ្រាវអាចអាចបានដោយខ្លួនឯង៖– សុខៈ៖ គេបានរកឃើញថា ការតាំងសមាធិជួយឲ្យយើងមានអារម្មណ៍ល្អ (ទីនេះ) បន្ថយអារម្មណ៍បាក់ទឹកចិត្ត (ទីនេះ) ភាពស្លន់តក់ស្លុត (ទីនេះ​ និង នេះ) ក៏ដូចជាកាត់ស្ត្រេសយើងផងដែរ! (ទីនេះ និង ទីនេះ)– ពូកែគ្រប់គ្រងខ្លួន និងផលិតកម្មខ្ពស់៖ វាធ្វើឲ្យយើងពូកែផ្តោតអារម្មណ៍ជាងមុន (ទីនេះ ទីនេះ ទីនេះ​និងទីនេះ ឬអ្នកអាចអាចអត្ថបទយើងនិយាយពីវិធីផ្តោតអារម្មណ៍លើការងារបានល្អជាងមុន) ក៏ដូចជាធ្វើឲ្យយើងពូកែវែកញែកស្គាល់ពីអារម្មណ៍ និងចិត្តគំនិតខ្លួនឯង (ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តស្រែកសួរខ្លួនឯងថាខ្លួនជានរណាគេ) (អាចអានការស្រាវជ្រាវនៅទីនេះ)– សុខភាព៖ វាអាចជួយបន្ថយអាការៈឈឺចុកចាប់ (ទីនេះ) ក៏ដូចជាបង្កើនសមត្ថភាពប្រព័ន្ធសុាំរបស់យើងផងដែរ (ទីនេះ និងទីនេះ)– ទំនាក់ទំនងជាមួយអ្នកដទៃ៖ វាជួយឲ្យយើងមានបញ្ញាខាងផ្នែកអារម្មណ៍របស់ខ្លួន និងអ្នកដទៃ (ទីនេះ និងទីនេះ) ហើយក៏ធ្វើឲ្យយើងមានភាពមេត្តាករុណាស្រឡាញ់មនុស្សផងជាងមុនដែរ (ទីនេះ និងទីនេះ)អ្នកអាចចុចលើអត្ថបទនេះ ដើម្បីអានបន្ថែមពីអត្ថប្រយោជន៍នៃការតាំងសមាធិ!អញ្ចឹងបានន័យថាយើងត្រូវបួសទាំងអស់គ្នា ឬទៅវិប្បសនានៅវត្តដើម្បីទទួលបានផលប្រយោជន៍ទាំងនេះមែន? តាមពិត គេបានរកឃើញថាគ្រាន់តែយើងតាំងសមាធិខ្លីៗ មួយថ្ងៃតែ ៥ នាទីក៏អាចជួយដល់ខ្លួនប្រាណ និងចិត្តរបស់យើងផងដែរ គ្រាន់តែវាតិចជាងអ្នកដែលគេធ្វើវាយូរៗជាប្រចាំនោះឯង។
អញ្ចឹងតើសមាធិត្រូវធ្វើយ៉ាងម៉េចខ្លះ?ដំបូងគួរធ្វើខ្លួនឲ្យស្រួល ដោយអាចដេកចុះ (គ្មានកើយខ្នើយ) ឬ អង្គុយពែនភ្នែន ឬលើកៅអីក៏បាន។ មិនបាច់ចាំដល់អង្គុយពែនភ្នែនលើពូក ដាក់បាតដៃលើជង្គង់ទើបអាចតាំងសមាធិបាននោះទេ។ដូចដែលយើងបាននិយាយជាមួយគ្រូបង្ហាត់យោគៈ និងអ្នករបាំបូរាណខ្មែរអញ្ចឹង ពួកគាត់ថា ទាំងយោគៈ ទាំងរបាំខ្មែរយើងសុទ្ធតែនាំឲ្យអ្នកហាត់មានសមាធិក្នុងចិត្ត។ នោះបានន័យថា សំខាន់គឺការគិតខាងក្នុងរបស់យើងទេ ខ្លួនប្រាណយើងកំពុងធ្វើអ្វី (ទាំងរាំ ទាំងដើរ ដេក ឈរ អង្គុយ ឬជុះ) ក៏យើងអាចសមាធិបានដែរ។ មូលហេតុដែលគេតែងសមាធិដោយអង្គុយពែនភ្នែននោះ​ក៏ព្រោះថាយើងអាចអង្គុយបែបនេះបានយូរ​ដោយមិនចុករោយ​ខ្លួនប្រាណខ្លាំងទេ។ឥលូវពេលដែលអង្គុយ ឬដេកបានស្រួលខ្លួនហើយ ចាប់ផ្តើមផ្តោតអារម្មណ៍លើដង្ហើមចេញចូលរបស់អ្នកវិញម្តង។ ពេលអ្នកដកដង្ហើមចូល គិតក្នុងចិត្តថា «ខ្ញុំកំពុងស្រូបដង្ហើមចូល» ពេលអ្នកដកដង្ហើមចេញ គិតថា «ខ្ញុំកំពុងដកដង្ហើមចេញ»។ ប្រសិនបើយើងមិនធ្លាប់ហាត់ទេ មិនទាន់បានប៉ុន្មានដង្ហើមទេ ចិត្តយើងនឹងចង់វៀចវេរទៅគិតពីរឿងផ្សេងៗពីអតីតកាល ឬរៀបផែនការសម្រាប់អនាគតជាមិនខាន។ កុំខឹងនឹងវាអី ព្រោះនេះជារឿងធម្មតាទេ គ្រាន់តែរំលឹកខ្លួនឲ្យគិតពីដង្ហើមវិញទៅបានហើយ។ ធ្វើអញ្ចឹងប៉ុន្មាននាទីស្រេចចិត្តអ្នក ៣នាទីក៏បាន ៥ក៏បាន ដល់ ១៥ ក៏រឹតតែបាន! បើយើងធ្វើវាកាន់តែយូរ នោះចិត្តរបស់យើងនឹងកាន់តែនឹងក្នុងថ្ងៃនេះ។បើចង់ដឹងច្បាស់ជាងនេះទៀត អាចអានអត្ថបទនេះ ដើម្បីរៀនពីលំហាត់សមាធិងាយៗទាំងបួនសំរាប់អ្នកមិនចេះសោះ!​2.  បង្ហាញការដឹងគុណដល់មនុស្ស ឬរបស់ ឬរឿងណាចំនួនបីស្តាប់ទៅដូចយ៉ាងមេ៉ចមិនដឹងមែន តែវាមានប្រសិទ្ធិភាពខ្លាំងណាស់ ទម្លាប់មួយនេះ។ តាមពិត ពិភពលោកយើងជាពិភពមួយដ៏ស្រស់បំព្រង មានដើមឈើស្កឹមស្កៃ មានខ្យល់ត្រជាក់ស្រួល និងមានសត្វគួរឲ្យស្រឡាញ់ខ្នាញ់ជាច្រើនរាប់មិនអស់។ មិនត្រឹមតែប៉ុណ្ណឹង នៅលើលោកនេះមានមនុស្សជាច្រើនដែលមានចិត្តល្អ ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីធ្វើឲ្យសង្គមមនុស្ស និងពិភពលោកល្អជាងមុន ទោះខ្លួនពិបាកយ៉ាងណាក៏ដោយ។ នេះដូចសញ្ញា«យីងយ៉ាង»របស់ចិនអញ្ចឹង (Ying Yang)។ មិនមែនថា នៅលើលោកនេះគ្មានវត្ថុអាក្រក់ គ្មានមនុស្សចិត្តព្រៃផ្សៃសម្លាប់ឈ្នានីសគេនោះទេ តែក៏មានមនុស្សចិត្តស្មោះ មានសត្វចាបហោះហើរ និងពន្លឺព្រះអាទិត្យដ៏កក់ក្តៅបាញ់មកលើស្បែករបស់យើងរៀងរាល់ថ្ងៃផងដែរ។តែភាគច្រើនពេលថ្ងៃយើងចេញក្រៅទៅ យើងជួបតែរឿងអាក្រក់ហួសចិត្ត (ផ្នែក«យ៉ាង»នៃជីវិតនោះអី)។ ចេញទៅក្រៅមានមនុស្សជិះមិនខ្ចីមើលផ្លាកសញ្ញាប៊ិះស៊ីគូទយើងពីរបីដង លេងហ្វេសប៊ុកឃើញតែរឿងហួសចិត្ត មនុស្សមើលងាយគ្នា ជេរគ្នា ហើយបើអានកាស្សែត ឬមើលព័ត៌មានទៀតក៏មានតែគ្រោះថ្នាក់ចរាចរណ៍ ឬរឿងចម្លែកៗនឹកស្មានមិនដល់។ បើយើងមិនព្យាយាមកំហិតឲ្យចិត្តគិតពីរឿងល្អខ្លះទេ នោះយើងអាចនឹងខ្វាក់ភ្នែកដោយសារភាពងងឹតនៃពិភពលោកនេះឯង! ដោយហេតុនេះ ទើបរៀងរាល់ព្រឹក យើងគួររកពេលពីរបីនាទីអង្គុយគិតពីរឿងល្អៗដែលយើងមានអំណរគុណដល់។ គិតហើយ សរសេរតែ ៣ រឿងសម្រាប់ថ្ងៃនេះទៅបានហើយ។ ស្អែកសឹមរក ៣ រឿងបន្ថែមទៀត បន្តគ្នារហូតទៅ។ កាលដែលយើងកំណត់តែបីរឿងនោះក៏ដោយសារ លេខបី វាមិនច្រើនពេកដល់ថ្នាក់យើងខ្ជិល ហើយក៏មិនតិចពេកដល់ថ្នាក់វាគ្មានប្រសិទ្ធិភាពនោះទេ។
រូបភាពបានមកពី៖រ៉េនី ហ្គេប្រូវស្កា (Reni Gabrovska)
តាមពិតខ្ញុំបានប្រកាន់ទម្លាប់នេះជាងបីបួនឆ្នាំមកហើយ ដល់ថ្នាក់ស្រឡាញ់ទម្លាប់នេះ រាល់ថ្ងៃក្រោកមកមិនធ្វើវាមិនបាន ដោយសារពីរបីនាទីនេះ ខ្ញុំបើកភ្នែកឃើញភាពល្អស្រស់បំព្រងរបស់ជីវិត មនុស្ស និងធម្មជាតិជុំវិញនោះឯង។ សម្រាប់អ្នកដែលសរសេរវិញ កុំគម្រិះពេក ដឹងគុណទាំងមនុស្ស ទាំងរឿង ទាំងសត្វ ទាំងហ្គេម ឬដឹងគុណសុបិន្តខ្លួនឯងក៏បានផង! ដូចនៅថ្ងៃមួយណានោះ ខ្ញុំសរសេរដឹងគុណដល់៖ ១. ប៉ិមួយដែលសើចដាក់ខ្ញុំម្សិលមិញទាំងដែលខ្ញុំមិនដែលស្គាល់មុខ ២. ឆ្មាមួយក្បាលដែលកាចឆ្នាស់ប៉ះមិនបាន ដែលចូលចិត្តដើរកាត់ផ្ទះខ្ញុំរាល់ល្ងាច ៣. ខ្យល់ដង្ហើមដែលដករាល់ថ្ងៃ។ និយាយទៅ ដើម្បីយើងរស់រានមានជីវិតដល់ថ្ងៃនេះ តាមពិតមានគេ (ទាំងវត្ថុមានវិញ្ញាណ និងឥតវិញ្ញាណ) ជួយច្រើនណាស់។ ដូច្នេះ ពេលនេះហើយជាពេលដែលយើងអាចរំលឹកដល់ពួកគេ ហើយអរគុណពួកគេបានទៀតផង! ពិភពលោកយើងតាមពិតអស្ចារ្យណាស់ ហើយគ្រាន់តែរាប់គុណរបស់ពិពភលោករាល់ថ្ងៃ យើងក៏អាចមានអារម្មណ៍អស្ចារ្យផងដែរ។3. គិតដល់ផែនការ និងទិសដៅសម្រាប់ថ្ងៃនេះនេះជាទម្លាប់សាមញ្ញមួយដែលអាចជួយឲ្យអ្នក​ផ្តោតអារម្មណ៍​លើរឿងសំខាន់ៗបំផុតក្នុងថ្ងៃនេះ៖ជំហានទី 1 ៖  ប្រើវិន័យបីពេលយើងចេញទៅរៀន ទៅធ្វើការ ទៅជួបគេជួបឯង នោះតែងរមែងមានរឿងថ្មីៗកើតឡើងដែលយើងមិនបានគិតដល់។ បើសិនជាយើងមិនតាំងចិត្តផ្តោតអារម្មណ៍លើរឿងសំខាន់ៗ ដូចជាចង់បញ្ចប់ការងារមួយ ឬចង់រៀនអនឡាញ ឬ អានអត្ថបទរបស់វប្បធម៌ (ហេៗ! ប្រូម៉ូតខ្លួនមិនខ្មាសគេបន្តិចហើយ) ឲ្យចប់នោះទេ នោះយើឹងនឹងខ្ជះខ្ជាយពេលវេលាគិតតែធ្វើរឿងថ្មី ដែលមិនសូវសំខាន់ហើយ ហើយមិនមានពេលសម្រាប់ធ្វើរឿងសំខាន់ៗដែលមិនទាន់ដល់ថ្ងៃកំណត់នោះទេ។អញ្ចឹងមុននឹងចាប់ផ្តើមថ្ងៃថ្មីនីមួយៗ ក្នុងចំណោមការងារទាំងអស់ដែលអ្នកត្រូវ ឬចង់បំពេញ រើសតែបីការងារដែលសំខាន់ជាងគេបានហើយ។ នោះក៏ដោយសារ ភាគច្រើន បយើងរើសច្រើនពេក ចង់ធ្វើច្រើនពេក បែរជាគ្មានពេលធ្វើចប់បានដូចចិត្តនោះទេ។ ហើយពេលខ្លះបើរើសការងារច្រើនពេក យើងបែរជាហត់ចិត្តមិនដឹងចាប់ផ្តើមពីណា ហើយក៏ចុងក្រោយមិនខ្ចីធ្វើ សុខចិត្តបិទភ្នែកដេកទៅវិញ។ ឧទាហរណ៍ សម្រាប់ខ្ញុំថ្ងៃនេះ ការងារសំខាន់ៗដែលខ្ញុំចង់ផ្តោតធ្វើឲ្យចប់នោះគឺ៖ សរសេរអត្ថបទនេះ បកប្រែឯកសារមួយ និង ហាត់ប្រាណសាច់ដុំដៃតែប៉ុណ្ណឹងឯង។ជំហានទី 2 ៖ កំណត់គោលបំណងរបស់អ្នកក្នុងថ្ងៃនេះនៅក្នុងសៀវភៅ ធ្វើយ៉ាងណាទើបយើងមានថ្ងៃសិរីសួស្តីមួយ អ្នកនិពន្ធ ខារ៉ូលីន វេប (Caroline Webb) បានសរសេរថាបើយើងចង់ឲ្យថ្ងៃយើងជាថ្ងៃល្អ យើងត្រូវដឹងសិនថាតើគោលបំណងយើងថ្ងៃនេះចង់ធ្វើជានរណា។ ស្តាប់ទៅដូចវាទូទៅខ្លាំងណាស់ តែវាសំខាន់ក៏ខ្លាំងណាស់ដែរ។ ពេលខ្លះយើងផ្តោតលើរឿងនេះរឿងនោះលម្អិតពេក ធ្វើឲ្យយើងភ្លេចគិតថា យើងគួរធ្វើអ្វីដើម្បីក្លាយជាមនុស្សដែលខ្លួនប្រាថ្នាបានក្នុងថ្ងៃនេះ? បន្តិចទៀត យើងនឹងចាប់ផ្តើមសរសេរពីវិធីរៀបផែនការជីវិតជាលម្អិតហើយ តែឥលូវនេះគ្រាន់តែស្រម៉ៃមើលថាតើខ្លួនប្រាថ្នាចង់ក្លាយជាមនុស្សយ៉ាងម៉េចសិនទៅ។ឧទាហរណ៍៖​ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលចង់ចេះចង់ដឹង (តែមិនមែនចង់ដឹងរឿងគេនោះទេ) ចង់ជាមនុស្សម្នាក់ដែលស្រវ៉ាប្រឹងប្រែងរៀនសូត្រពីមនុស្សគ្រប់គ្នានិងរឿងរ៉ាវគ្រប់យ៉ាង ក៏ដូចជាមនុស្សដែលមានភាពមេត្តាស្រឡាញ់ដល់គេគ្រប់គ្នាផងដែរ។ ដូច្នេះ រាល់ថ្ងៃខ្ញុំរំលឹកខ្លួនឯងពីគោលបំណងទាំងនេះ ថាថ្ងៃហ្នឹង ធ្វើយ៉ាងណាឲ្យបើកចិត្តបើកកាយទទួលចំណេះដឹងពីអ្វីគ្រប់យ៉ាងដែលកើតឡើង ហើយបើកចិត្តចេះយោគយល់ និងស្រឡាញ់គ្រប់គ្នាដែលខ្ញុំជួប។ ទម្លាប់នេះបានដឹកនាំកាយ វាចា ចិត្តរបស់ខ្ញុំបានរាប់ឆ្នាំហើយ! ចុះអ្នកចង់ក្លាយជាមនុស្សបែបណាវិញ? បើមិនចាប់ផ្តើមឥលូវ ចាំដល់ពេលណាបានក្លាយជាម្នាក់ហ្នឹងបាន?ជំហានទី ៣ ៖ មើលកាលវិភាគខ្លួនឡើងវិញយកពេលពីរបីនាទី ឆែកមើលថាតើខ្លួនត្រូវធ្វើអ្វី ត្រូវជួបនរណាខ្លះ (ហើយការងារសាលាណាមួយជិតដល់ថ្ងៃប្រមូលហើយ) ហើយក៏កុំភ្លេចគិតពីការងារសំខាន់បំផុតទាំងបីដែលយើងប្រុងធ្វើថ្ងៃនេះផងដែរ! មានមនុស្សច្រើនណាស់ដែលចាប់ផ្តើមថ្ងៃថ្មី ទាំងដែលមិនដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះនោះ!4. ហាត់ខួរក្បាល៖ អានសៀវភៅ
រូបភាពបានមកពី៖អេឡាណា (Ellanaa)
អ្នកខ្លះដឹងថាខ្លួនគួរអានសៀវភៅ តែដូចមិនដែលរកពេលឆ្លៀតអានឲ្យបានតាមចិត្តសោះ! ចុះម៉េចមិនក្រោកលឿនហើយទម្លាប់អានសៀវភៅពី ៣០ ទៅ ៦០ នាទីជារៀងរាល់ព្រឹកទៅ? ខ្ញុំចូលចិត្តអានសៀវភៅដែលពិបាកយល់ជាងគេរាល់ព្រឹកក៏ដោយសារ៖១. តែអានហើយ ពេលថ្ងៃនិងយប់មិនបាច់គិតដល់វាទៀត២. សៀវភៅពិបាកយល់តែងត្រូវការពេលឲ្យយើងគិត ទោះចង់ញាត់ច្រើនពេកក៏មិនបានផលដែរ៣. ក្រោកភ្លាមមានអារម្មណ៍ស្រស់ថ្លា ខួរក្បាលដាក់ចូលៗតែម្តងតាមពិតទៅ ខ្ញុំទើបអានចប់សៀវភៅពុម្ពទស្សនវិទ្យាកម្រាស់ដល់ទៅ ៦០០ ទំព័រ ដោយខំប្រឹងអានវាតែ៤៥ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃដល់ទៅ ៨ ខែឯណោះ! ចំណុចល្អនៃទម្លាប់នេះគឺថា ខ្ញុំនៅមានពេលរៀន ធ្វើការ សរសេរអត្ថបទ ជួបមិត្តភក្តិ និងអានពីប្រធានបទផ្សេងៗដូចធម្មតា តែស្របពេលនោះដែរ ខ្ញុំនៅតែអាចអានបញ្ចប់ ហើយស្វែងយល់បានច្រើនពីសៀវភៅក្រាស់មហាក្រាស់នេះបានផងដែរ។5. ហាត់ប្រាណហ្នឹងឯង! កុំភ្លេចហាត់ប្រាណឲ្យបេះដូងយើងដើរញាប់បានប៉ុន្មាននាទីរាល់ព្រឹកឲ្យសោះ! ហេតុអ្វីបានហាត់ប្រាណ? ខ្ញុំជឿថាយើងទាំងអស់គ្នាដឹងពីសារៈប្រយោជន៍របស់វាហើយ អញ្ចឹងមិនបាច់រ៉ាយរ៉ាប់ច្រើនទៀតទេ។ តែសំខាន់អ្នកគួរហាត់ពេលព្រឹក ក៏ដោយសារវាងាយស្រួលនោះឯង។ ភាគច្រើនពីម៉ោង ៨ ដល់ ម៉ោង ៥ យើងនៅធ្វើការ ឬនៅរៀន ហើយពេលល្ងាចក៏ជួបមិត្តភក្តិផឹកស៊ី ឬអង្គុយមើលត្រីមាត់ម្ហបៗម្នាក់ឯង (មានតែខ្ញុំទេធ្វើអញ្ចឹងមែន? អូខេ…) ភាគច្រើនមិនងាយអូសខ្លួនទៅហាត់ប្រាណទេពេលល្ងាច ដោយសារហត់ពេញមួយថ្ងៃទៅហើយ ដូច្នេះមួយថ្ងៃចេះតែតដល់មួយថ្ងៃ។ ដោយហេតុនេះហើយ យកល្អហាត់ពេលព្រឹកឲ្យហើយតែម្តងទៅ! ណាមួយ ពេលហាត់ហើយយើងនឹងសប្បាយចិត្តជាងមុន ដោយសាររលំហាត់ប្រាណធ្វើឲ្យខ្លួនយើងបញ្ចេញសារជាតិដូផាមីន (dopamine) ដែលធ្វើឲ្យយើងរីករាយ ក៏ដូចជាដាស់កាយា និងខួរក្បាលយើងឲ្យរវាសផងដែរ! អញ្ចឹងចាំអង្កាល់ទៀត?6. ញ៉ាំអាហារពេលព្រឹកដែលជម្រុញឲ្យយើងមានថាមពល! ដូចនិយាយកាលមុនក្នុងអត្ថបទក្រោកលឿនអញ្ចឹង ដើម្បីឲ្យខ្លួន និងចិត្តយើងស្រស់ស្រាយ អ្នកវិទ្យាសាស្ត្របានរកឃើញថាយើងមិនគួរមើលរំលងអាហារពេលព្រឹកទេ (ទោះជាញ៉ាំតែបាយកក និងពងទាក៏ដោយ)។ អាទិត្យក្រោយ យើងនឹងសរសេរអត្ថបទលម្អិតទាក់ទងនឹងមូលហេតុ ក៏ដូចជាអាហារបែបណាល្អបំផុតសម្រាប់ឲ្យយើងញ៉ាំពេលព្រឹកហើយ! ឥលូវនេះគ្រាន់ដឹងឲ្យហើយទៅថា កុំភ្លេចបាយពេលព្រឹកឲ្យសោះ!បើអានម្តងទៀតទៅ ឃើញថាមានទម្លាប់ច្រើនណាស់ ធ្វើយ៉ាងណាធ្វើវាអស់បើពេលមានតែមួយព្រឹកហ្នឹង? សាក ហើយផ្លាស់ប្តូរតាមហ្នឹងទៅ ព្រោះខ្ញុំនិងមានគេផ្សេងជាច្រើនទៀតបានរៀនប្រកាន់ទម្លាប់នេះបានហើយ ព្រមទាំងទៅសាលា ឬកន្លែងការងារមិនដែលយឺតទៀតផង! នេះជាទម្លាប់ពេលព្រឹកប្រចាំថ្ងៃរបស់ខ្ញុំ ជាឧទាហរណ៍៖5:30 ក្រោក សមាធិ រៀបផែនការប្រចាំថ្ងៃ ហើយសរសេរអំណរគុណ6:10 អានសៀវភៅទស្សនវិទ្យា6:55 ញ៉ាំបាយព្រឹក7:20 ហាត់ប្រាណ8:10 អាន និងឆ្លើយតបសារ និងអុីម៉ែល8:30 ចាប់ផ្តើមធ្វើការ!ទោះជាពេលបីម៉ោងនេះច្រើនក៏ពិតមែន តែវាបានជួយឲ្យខ្ញុំមានពេលហាត់ចិត្ត ហាត់ប្រាណ និងខួរក្បាលជារៀងរាល់ថ្ងៃ មិនថាក្រោយមករវល់ដល់ថ្នាក់ណាទេ! ទៅចាំឲ្យនរណាថែរក្សាយើងទៀត មានតែយើងហ្នឹងដែលអាចថែខ្លួនបាននោះ!នេះជាអត្ថបទផ្សេងៗដែលនៅក្នុងបណ្តុំអត្ថបទសួស្តីថ្ងៃថ្មីនេះ៖ សួស្តីថ្ងៃថ្មី៖ ក្រោកឡើងឲ្យលឿនសួស្តីថ្ងៃថ្មី៖ កុំភ្លេចបាយព្រឹកឲ្យសោះ
រូបភាពបានមកពី៖អាដាម វ៉ាន់ វីនដិន (Adam Van Winden)
រូបភាពពីដើមអត្ថបទបានមកពី៖ ហ្គូដ វ៉ែប្ស ហ្គាឡឺរី  (Good Vibes Gallery)